កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច និងបទបញ្ជារបស់ថ្នាក់លើដែលបានដាក់ឲ្យ
(ខេត្តកំពង់ស្ពឺ)៖ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ថា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច និងបទបញ្ជារបស់ថ្នាក់លើដែលបានដាក់ឲ្យ ។
ការដំឡើងឋានន្តរសក្កិ គឺមើលទៅលើសមត្ថភាព និងការខិតខំប្រឹងបំពេញការងាររបស់នាយទាហាន នាយទាហានរង ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួនជូនអង្គភាព មិនថាយប់មិនថាថ្ងៃ ។ ដូច្នេះ នាយទាហាន នាយទាហានរងទាំងអស់ ដែលមិនទានបានដំឡើងឋានន្តរសក្កិ និងតួនាទី ត្រូវបន្តខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ទៅតាមជំនាញ ត្រូវមានស្មារតីទទួលខខុសត្រូវខ្ពស់លើតួនាទីភារកិច្ច ដែលថ្នាក់លើដាក់ជូន ក្រៅពីនោះត្រូវមានសាមគ្គីភាព ចេះគោរពស្រឡាញ់ និងឲ្យតម្លៃគ្នាទៅវិញទៅមក។
ប្រសាសន៍ណែនាំរបស់ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងពិធីដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង,នាយសេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ នាយរងការិយាល័យនិងជំនួយការ,មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខចូលរួមផងដែរ ។
លោក មេបញ្ជាការ បានបញ្ជាក់ប្រាប់ដល់នាយទាហាន នាយទាហានរងឲ្យបានដឹងថា ចាប់ពីពេលនេះទៅ កម្លាំងរបស់យើងត្រៀមចំណុចខ្ពស់ រង់ចាំបទបញ្ជា របស់ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ២៤ម៉ោង លើ ២៤ម៉ោង កម្លាំងទាំងអស់មិនត្រូវបានអនុញ្ញាតច្បាប់នោះទេ ចាប់ពីពេលនេះតទៅ រហូតទទួលបានបទបញ្ជាថ្មី ៕
ដោយ ៖ ង៉ាន់ ទិត្យ







