កាកបាទក្រហមកម្ពុជា រៀបចំពិធីបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៥

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំពិធីបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈម ១៤ មិថុនា ឆ្នាំ២០២៥ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត» ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រី យុវជនកាកបាទក្រហមកម្ពុជា និស្សិតសាកលវិទ្យាល័យ សរុបប្រមាណ ៥០០នាក់ និងទទួលបានឈាមពីអ្នកស្ម័គ្រចិត្តបរិច្ចាគសរុបចំនួន ១៨៩ប្លោក នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានរៀបចំពិធីនេះឡើងប្រកបដោយអត្ថន័យ និងគុណប្រយោជន៍ឥតគណនា ហើយក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស ។

លោកជំទាវ ពុំ ចន្ទីនី បានកោតសរសើរចំពោះថ្នាក់ដឹក សាស្ដ្រាចារ្យ ទីប្រឹក្សា ប្រធានក្លឹបយុវជន និងក្មួយៗនិស្សិត យុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យទាំង២៥ ដែលបានស្ម័គ្រចិត្តចូលរួមបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងបានស្ម័គ្រចិត្តមកចូលរួមក្នុងពិធីនាព្រឹកនេះ ពិសេសស្ម័គ្រចិត្តបរិច្ចាគឈាម ចែករំលែកឈាម ចែករំលែកក្ដីស្រឡាញ់ និងផ្តល់ស្នាមញញឹម ព្រមជាមួយនូវស្មារតីនៃវប្បធម៌ចែករំលែក ក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ដែលក្នុងឆ្នាំនេះកត់សម្គាល់ឃើញថា ចំនួននិស្សិត យុវជនស្ម័គ្រចិត្តក្នុងការចូលរួមបរិច្ចាគឈាមមានការកើនឡើង បើប្រៀបធៀបនឹងការរៀបចំពិធីឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា កម្មវិធីថ្ងៃនេះមានគោលបំណង៖

  • លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតម្រូវការដ៏សំខាន់សម្រាប់ការបរិច្ចាគឈាម និងប្លាស្មា និងគុណបំណាច់ដែលអ្នកបរិច្ចាគឈាមមានលើជីវិតអ្នកជំងឺ។
  • លើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមទាំងថ្មី និងដែលមានស្រាប់ ផ្តល់ឈាមឱ្យបានទៀងទាត់ ជួយធានាឱ្យមានការផ្គត់ផ្គង់ឈាមមានស្ថេរភាព និងគ្រប់គ្រាន់។
  • គូសបញ្ជាក់ពីផលវិជ្ជមានរបស់អ្នកបរិច្ចាគឈាមទៅលើសុខភាព និងសុខុមាលភាពរបស់អ្នកដទៃ និងលើកកម្ពស់តម្លៃនៃសាមគ្គីភាព ក្តីមេត្តា និងសហគមន៍តាមរយៈការបរិច្ចាគឈាម។
  • ប្រមូលការគាំទ្រពីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីវិនិយោគ និងទ្រទ្រង់កម្មវិធីឈាមជាតិ ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានជាសកល ក្នុងការបញ្ចូលឈាមប្រកបដោយសុវត្ថិភាពនៅទូទាំងពិភពលោក ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner