រដ្ឋមន្រ្តីក្រសួងការពារជាតិ៖ ភាគីទាហានថៃ បំពានអនុស្សរណៈឆ្នាំ២០០០ ជិត៧០០លើក
ត្បូងឃ្មុំ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងថា ចាប់តាំងពីឆ្នាំ២០០០មក ភាគីទាហានថៃ បានធ្វើការបំពាន ឬឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ប្រមាណ ៦៩៥លើក ខណៈការបំពាននោះ ត្រូវបានកម្ពុជា មានភស្តុតាងច្បាស់លាស់ រួមទាំងមានរូបភាពទាំងអស់ផងដែរ។ ដូច្នេះ ភាគីទាហានថៃ បានបំពាន អនុស្សរណៈឆ្នាំ២០០០ លើសពីកម្ពុជា ដាច់តែម្តង ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នៅខេត្តត្បូងឃ្មុំ ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសរំលេចថា យើងបានចងក្រង ។យើងមានឯកសារ ភស្ដុតាងទាំងអស់ ថៃ បានឈ្លានពាន ឬមិនគោរពនូវ អនុស្សរណៈ ឆ្នាំ២០០០ ។យើងសរុបមកជាបណ្ដោះអាសន្ន មានចំនួន ៦៩៥ករណី ដែលបំពានទៅលើ អនុស្សរណៈឆ្នាំ២០០០ ហើយនៅមានការធ្វើផ្លូវ និងល្បាតដោយមិនជូនដំណឹងមកភាគីកម្ពុជា ។
ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបន្ថែមថា វាជារឿងគួរឲ្យអស់សំណើច ដែលក្នុងកិច្ចប្រជុំ JBC កន្លងទៅ ភាគីថៃ បានចោទប្រកាន់កម្ពុជា ថា បំពាន MoU ឆ្នាំ២០០០ ។ អ្វីដែលថៃ ចោទកម្ពុជា បំពាននោះ ដូចជា ការធ្វើស្រែលើសព្រំដែន និងឡើងច្រៀងលើប្រាសាទតាមាន់ជាដើម ខណៈថៃ ខ្លួនឯងបំពានកម្ពុជា ដាច់តែម្ដង ។
រដ្ឋមន្ត្រីការពារជាតិរូបនេះ បានបញ្ជាក់ថា ភាគីថៃ តែងទាមទារចង់បានសន្ដិភាព និងមិនចង់មានបញ្ហាជាមួយកម្ពុជា ព្រមទាំងបានចាត់ទុកថា ការដាក់ទ័ពរបស់គេ មកព្រំដែន ដើម្បីការពារ ។ដូច្នេះកម្ពុជា ពង្រាយកម្លាំងទ័ព ក៏ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពដូចគ្នា ។ តែមានសំណួរសួរថា តើនរណាដកទ័ពមុន តែថៃ ឆ្លើយថា បើថៃ ដកទ័ពមុន ខ្លាចកម្ពុជា មិនគោរព តាមការឯកភាពគ្នា ព្រោះបើថៃដកខ្លាច កម្ពុជា មិន ដក ៕



ដោយ: វណ្ណលុក