រដ្ឋមន្ត្រីការពារជាតិបន្តច្រានចោលការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជា ផ្ទុះអាវុធមុន ខណៈទាហានកម្ពុជាស្លាប់ ក្នុងរូបភាពមួយមិនទាន់ទាំងស្លៀកពាក់ផង
ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីការពារជាតិ បានបន្តច្រានចោលចំពោះការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជា ផ្ទុះអាវុធមុន និងថា ទាហានកម្ពុជា បើសិនជា ច្បាំង គឺត្រូវតែពាក់ឯកសណ្ឋានត្រឹមត្រូវ ប៉ុន្តែសាកសពទាហានរបស់ខ្ញុំដែលបានពលី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នោះ គឺមិនទាំងស្លៀកពាក់ផង ហើយបែរជាចោទថា កម្ពុជាបាញ់មុន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នៅខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលាតត្រដាងអំពីភាពក្រឡិចក្រឡុច របស់ក្រុមយោធាថៃ ក្នុងវិវាទព្រំដែនជាមួយកម្ពុជា ។ បើតាមឧបនាយករដ្ឋមន្រ្តីការពារជាតិ ភាពតានតឹងនៅព្រំដែនតំបន់មុំបី បានឡើងកម្តៅនៅពេលដែលសាលារួមចិត្តនៅតំបន់នេះ ត្រូវបានឆេះ ដែលភាគីថៃ បានចោទកម្ពុជាថាជាអ្នកដុត ។ ប៉ុន្តែមើលឃើញថា បញ្ហានេះ គឺបណ្តាលមកពីភ្លើងឆេះព្រៃ។ កន្លងមក ថៃ តែងចោទថា សាលារួមចិត្តនេះនៅក្នុងទឹកដីរបស់ថៃ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា យើងបន្តចរចារឿងនេះ ប៉ុន្តែជាអកុសលនៅថ្ងៃទី២៨ ខែឧសភា គឺយើងមានការប៉ះទង្គិចគ្នា ធ្វើឱ្យទាហានរបស់យើងបាត់បង់ជីវិតអស់ម្នាក់ មិនត្រឹមតែថៃ មិនសម្តែងការសោកស្តាយមកលើកម្ពុជាទេ បែរជាចេញសារព័ត៌មានថា កម្ពុជា ជាអ្នកផ្ទុះអាវុធមុន ។ ក្រោយកើតហេតុនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានទាក់ទងទៅរដ្ឋមន្រ្តីការពារជាតិថៃ ហើយរដ្ឋមន្រ្តីការពារជាតិថៃ បានសម្តែងការសោកស្តាយ ដែលមានរឿងបែបនេះកើតឡើង។ ថ្ងៃទី២៩ មេទ័ពជើងគោកកម្ពុជា-ថៃ ក៏ជួបគ្នា ។
ឯកឧត្តមបន្តទៀតថា សង្គ្រាម គឺការប៉ះទង្គិចគ្នារវាងកងទ័ព និងកងទ័ព ប៉ុន្តែសង្គ្រាមមួយទៀត គឺសង្គ្រាមសារព័ត៌មាន បន្ទាប់ពីមានការជជែកគ្នារវាងមេទ័ពជើងគោកប្រទេសទាំងពីរ ចេញមកយើងដាក់សេចក្តីថ្លែងការណ៍។ ខាងថៃគេដាក់៣ចំណុច ឯកម្ពុជាដាក់៤ចំណុច សួរថាហេតុអ្វី? គេថាកម្ពុជាក្រឡិចក្រឡុច ឯកភាពគ្នា៣ចំណុច ប៉ុន្តែចេញសេចក្តីថ្លែងការណ៍ ៤ចំណុច ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំពិតជាបានឯកភាពគ្នា ៣ចំណុចមែន ប៉ុន្តែកម្ពុជា ក៏បានបញ្ជាក់ដែរថា គឺយើងមិនអាចដកកងទ័ពចេញពីតំបន់ជម្លោះនៅមុំបីនេះបានឡើយ តែសេចក្តីថ្លែងការណ៍របស់ភាគីថៃ គឺមិនបានលើកឡើងនៅចំណុចនេះទេ ហេតុដូច្នេះហើយ បានជាកម្ពុជា ចេញនៅចំណុចទី៤ គឺកម្ពុជា មិនដកកងទ័ពចេញពីចំណុចនេះទេ គឺជាបូរណភាពទឹកដីរបស់កម្ពុជា ។
ឯកឧត្តមបានបន្ថែមទៀតថា បន្ទាប់មកទៀត មានកិច្ចប្រជុំចង្អៀត នៅខេត្តស្រះកែវ រវាងរដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពី។ អ្វីដែលភាគីថៃស្នើ គឺគេស្នើឱ្យកម្ពុជា កែសម្រួលកងទ័ព ដោយដកថយបន្តិច ដើម្បីកុំឱ្យប៉ះទង្គិចគ្នា ហើយពេលនោះ គឺ លោកបានបដិសេធតែម្តង។ បន្ទាប់មក រដ្ឋមន្រ្តីការពារជាតិថៃ ក៏បានស្នើឱ្យរដ្ឋមន្រ្តីការពារជាតិកម្ពុជា រាយការណ៍ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែចេញពីប្រជុំមិនទាន់ដល់កម្ពុជាផង កាសែតថៃ បានផ្សាយថា កម្ពុជា យល់ព្រមដកទ័ព។ បញ្ហានេះ ទើបជំរុញឱ្យកម្ពុជា ចេញសេចក្តីថ្លែងការណ៍ត្រឡប់ទៅវិញ ។
រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា បានបញ្ជាក់ថា ដោយសារសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិកម្ពុជាបែបនេះហើយ ដែលធ្វើឱ្យថៃ ប្រកាសបិទព្រំដែនដោយឯកតោភាគី និងមានការចល័តកងទ័ពប្រទេសទាំងពីរទៅព្រំដែន ៕
ដោយ:វណ្ណលុក