នាយឧត្តមសេនីយ៍ ទៀ សីហា ៖ នៅគ្រប់កាលៈទេសៈ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាព

(ត្បូងឃ្មុំ)៖ ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺមិនងាយស្រួលនោះឡើយ ហើយកាន់តែពិបាកជាងនេះទៀត គឺការថែរក្សាការពារសន្តិភាព ដូចនេះ នៅគ្រប់កាលៈទេសៈ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាព ដែលរកបានមកដោយលំបាកបំផុតនេះ ឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៤៨ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៥) ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បន្ថែមថា កងទ័ពប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានកសាងឡើង មានបេសកកម្មពីរ គឺការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងការស្តារសេដ្ឋកិច្ច សង្គមឡើងវិញ ការរំដោះប្រជាជនចេញពីភាពអត់ឃ្លាន និងគ្រោះអវិជ្ជា។ ប្រមុខដឹកនាំជាតិកម្ពុជាបន្ថែមថា ក្នុងរបត់ប្រវត្តិសាស្ត្រក្រោយមកទៀត កងទ័ពដែលកើតចេញពីអង្គភាព ១២៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រៀបខ្លាំង និងប្រៀបឈ្នះរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ទប់ស្កាត់បានដោយជោគជ័យ មិនឲ្យពួកខ្មែរក្រហមត្រលប់មកវិញ ហើយបានធ្វើជាសសរស្តម្ភយ៉ាង រឹងមាំ គាំទ្រការចរចាសន្តិភាពរហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៣ ដល់១៩៩៨ គឺកម្លាំងដែលមានកំណើតមកពីអង្គភាព ១២៥ នេះហើយ ដែលជាស្នូលដ៏សំខាន់ជាងគេរបស់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យពេញលេញក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង បង្កើតបាននូវការឯកភាពជាតិ ឯកភាពទឹកដីនៅចុងឆ្នាំ១៩៩៨ ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំកន្លងមកនេះ ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា រឿងរ៉ាវប្រវត្តិនៃការដឹកនាំ និងការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងការកសាងស្នូលនៃកងយោធពលខេមរភូមិន្ទដែលកំពុងឈរជើងយ៉ាងរឹងមាំ និងស្វាហាប់ការពារបូរណភាពទឹកដីនាពេលនេះ មិនត្រឹមតែជាប្រវត្តិសាស្ត្រផ្ទាល់ខ្លួនទេ ប៉ុន្តែគឺជាប្រវត្តិសាស្ត្រជាតិ ដែលមិនអាចបំភ្លេចបានឡើយ។ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់យ៉ាងដូច្នេះថា ព្រឹត្តិការណ៍នេះ រំលេចឱ្យឃើញថា សន្តិភាពមានតម្លៃធំធេងណាស់សម្រាប់ជីវិតជាតិនីមួយៗ កុំដល់ពេលបាត់បង់ទើបនាំគ្នានិយាយអំពីសារៈសំខាន់នៃសន្តិភាព ។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមការងារពាក់ព័ន្ធ ដែលបានដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ តាំងពីគ្មានអ្វីសោះ ឱ្យប្រែក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner