សហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអូឌីតព្រមានពីការផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ជាថ្មីម្តងទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុន តាមរយៈបណ្តាញសង្គមធ្វីតធើថា អ៊ីរ៉ង់ចង់ធ្វើសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក វានឹងក្លាយជាទីបញ្ចប់ផ្លូវការរបស់អ៊ីរ៉ង់ ។

ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តអាម៉េរិកប្រចាំតំបន់ឈូងសមុទ្របានអះអាងដែរថា ខ្លួនមិនចងធ្វើសង្គ្រាមនោះ ក៏ត្រៀមខ្លួនប្រយុទ្ធជាស្រេចហើយ បើអ៊ីរ៉ង់ចង់បានដូចនោះ ។ យ៉ាងណាមិញ ចំពោះអ៊ីរ៉ង់វិញ ហាក់មិនរវីរវល់សម្ដីគំរាមអ្វីសោះ តួយ៉ាងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាវ៉ាដ ហ៊្សារីហ្វ បាននិយាយថា នឹងគ្មានសង្គ្រាមទេ ពីព្រោះយើងមិនចង់មានសង្គ្រាមឡើយ ហើយក៏គ្មាននរណាម្នាក់មានគំនិត ឬការភ័ន្តមតិថា ខ្លួនអាចប្រឈមនឹងអ៊ីរ៉ង់នៅក្នុងតំបន់បានទេ ។

សូមរំលឹកថា សហរដ្ឋអាម៉េរិកបានបញ្ជូននាវាចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅតំបន់ជ្ឈិមបូព៌ា ដើម្បីឆ្លើយតបនឹងការចោទថា មានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ។ ការគំរាមកំហែងដែលមិនអាចពន្យល់បាននេះ បាននាំឱ្យសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើអ៊ីរ៉ង់ និងដកបុគ្គលិកការទូតអាម៉េរិកមិនសំខាន់ៗចេញពីស្ថានទូតនៅទីក្រុងបាកដា ប្រទេសអ៊ីរ៉ាក់ ផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner