ចិនអំពាវនាវឲ្យប្រជាជនខ្លួនបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ និងផលិតផល ក្រុមហ៊ុន Apple របស់សហរដ្ឋអាម៉េរិក
ចិន៖ ប្រជាជនចិនទាំងឡាយទទួលបានបំផុសមួយ ដែលមានគោលដៅបញ្ឈប់ការប្រើប្រាស់ផលិតផលទាំងអស់របស់ក្រុមហ៊ុន Apple ជាពិសេសទូរស័ព្ទ iPhone បន្ទាប់ពីមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិកបានឈានដល់ការដាក់ចេញបម្រាម ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ចិន កាលពីសប្តាហ៍មុន ។
អ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo បានបញ្ចេញប្រតិកម្មបែបនេះ ក្នុងគ្រាដែលអត្រានៃការលក់ផលិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិកនេះនៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់ទៅ២០ភាគរយរួចទៅហើយ កាលពីអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ ហើយអ្នកវិភាគមួយចំនួនបានប៉ាន់ប្រមាណឃើញថា Apple នឹងរងគ្រោះកាន់តែធ្ងន់ថែមទៀត ប្រសិនបើសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិននៅតែបន្តអូសបន្លាយ ។
ហើយប្រតិកម្មរបស់ប្រជាជនចិនខាងលើនេះទៀតសោត បានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធសប្តាហ៍មុន ដែលហាមក្រុមហ៊ុនអាម៉េរិកដំឡើងឧបករណ៍របស់បរទេស ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងបទបញ្ជាដាច់ដោយឡែកមួយទៀត ដែលហាមក្រុមហ៊ុនចិនពីការទិញយកសិទ្ធិបច្ចេកវិទ្យាពីក្រុមហ៊ុនអាម៉េរិក ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាល ៕ធ.ដ