ផ្ទុះគ្រាប់បែកផ្ទួនៗនៅកន្លែងតាំងពិព័រណ៍ ក្នុងខេត្តប៉ាតានី ប្រទេសថៃ
បរទេស៖ មានការផ្ទុះគ្រាប់បែក ៣លើក ផ្ទួនៗគ្នា នៅកន្លែងរៀបចំ ពិព័រណ៍មួយ ស្ថិតក្នុងខេត្តប៉ាតានី ភាគខាងត្បូង ប្រទេសថៃ បណ្តាលឲ្យរបួសមនុស្ស ចំនួន៧នាក់ រួមមាន អ្នកលក់ដូរ ៥នាក់ និង នគរបាល ២នាក់ កាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនានេះ។
ផ្អែកតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Bangkok Post ប៉ូលីសបានប្រាប់ថា គ្រាប់បែកទីមួយ បានផ្ទុះ នៅម៉ោង៤.៤៤នាទីព្រឹក នៅក្នុងស្តង់សន្តិសុខ ដែលមានទីតាំង ស្ថិតនៅលើផ្លូវ Suan Somdet ភូមិ Moo 6 នៃស្រុក Tambon Rumamilae។ បន្តិចក្រោយមក គ្រាប់បែកទីពីរ និងទីបី បានផ្ទុះ នៅចម្ងាយប្រហែល ៤០០ ម៉ែត្រ ពីកន្លែងកើតហេតុទីមួយ។
នាយឧត្តមសេនីយ៍ Santhat Chuephuttan ស្នងការប៉ូលិសខេត្តប៉ាតានី ប្រាប់ថា ផ្អែកតាមការស៊ើបអង្កេត និងពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព CCTV បានរកឃើញថា ជនសង្ស័យមានគ្នា ចន្លោះពី ៥ ទៅ ១០ នាក់ បានចូលរួម ក្នុងការវាយប្រហារ ដោយគ្រាប់បែក ទាំងនេះ។ ពួកគេបានបែងចែក ជាពីរក្រុម ក្នុងនោះ ក្រុមទីមួយ បានចូលទៅក្នុងតំបន់នោះ តាំងពីពាក់កណ្ដាលអធ្រាត្រ ដោយបានគាស់ជញ្ជាំង ក្បែរទីលានកីឡា ហើយបានបង្កប់គ្រឿងផ្ទុះកែច្នៃ ដាក់ក្នុងស្តង់សុវត្ថិភាព គ្មានមនុស្សបើកបាន។ រីឯ ក្រុមទីពីរបានដាក់គ្រាប់បែក ចំនួន ២គ្រាប់ទៀត នៅបង្គោលភ្លើងតាមផ្លូវ មុនពេលរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ អាជ្ញាធរបានដាក់ពង្រាយក្រុមធ្វើកោសល្យវិច្ច័យ និងស៊ើបអង្កេត ដើម្បីស្វែងរកតម្រុយ អំពីអ្នកវាយប្រហារ ទាំងនោះ។
គួរឲ្យដឹងថា នេះគឺជាហេតុការណ៍ហិង្សាថ្មី មួយទៀត ដែលបានកើតមានឡើង នៅភាគខាងត្បូង ប្រទេសថៃ។ តាំងពីឆ្នាំ២០០៤មក ជម្លោះដ៏រ៉ាំរ៉ៃ ជាមួយក្រុមបះបោរចង់ផ្តាច់ខ្លួន បាន ឆក់យកជីវិតមនុស្ស ជាង ៧,០០០នាក់ ហើយ៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត