ឯកឧត្តម ប៉ែន បូណា៖ នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ខ្មែរយើងធ្លាប់កំសត់ពេកហើយ ធ្លាប់បែកបាក់គ្នាអស់ចិត្តហើយ។ ប្រទេសយើងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្ររួចហើយ។ យើងក៏ធ្លាប់ត្រូវគេមើលងាយគ្រប់គ្រាន់ហើយដែរ។ ដូច្នេះ នេះជាពេលវេលាល្អណាស់ដែលខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំ និងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែកនិងផ្នត់គំនិតរបស់បរទេស។

ឯកឧត្តមបានបន្តថា រឿងអ្វីផ្សេងយើងអាចជជែកគ្នាបាន និងចាំជជែកពេលក្រោយ តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង។ ពេលនេះយើងនៅលើទូកតែមួយ ហើយកំពុងបោះពួយទៅមុខដើម្បីកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាសម័យទំនើប។ ដូច្នេះ សូមខ្មែរគ្រប់គ្នាទុកចិត្តលើថ្នាក់ដឹកនាំហើយជួយចូកជួយចែវ និងសូមកុំយកជើងរាទឹក៕
ដោយ៖ពលជ័យ

ads banner