ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣​ ក្នុងខេត្តឧត្តរមានជ័យ​

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣ (តាមាន់ធំ តាមាន់តូច និងតាក្របី) ក្នុងខេត្តឧត្តរមានជ័យ​ ស្របពេលដែល​បងប្អូនប្រជាពលរដ្ឋខ្មែររាប់មុឺននាក់មកពីគ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងមហាព្រឹត្តការណ៍​ “ការធ្វើដំណើរថ្មើរជើង”​ (#SolidarityMarch)​ នៅរាជធានីភ្នំពេញ​ ដើម្បីបង្ហាញនូវគាំទ្រចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។

ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុនសែន​ ប្រធានព្រឹទ្ធសភា​ និងសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការគោរព​ និងការកោតស្ញប់ស្ញែង​ ចំពោះវីរ:ភាព​ ទឹកចិត្តស្នេហាជាតិ​ និងស្មារតី​លះបង់​របស់កងទ័ពប្រកបដោយឆន្ទៈមោះមុត​បំផុត ក្នុងកិច្ចការពារជាតិ​មាតុភូមិ​ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បាននាំយកនូវអំណោយ​ដ៏ថ្លៃថ្លា​ រួមមានថវិកា និងគ្រឿងឧបភោគ បរិភោគ​ ដែលជាទឹកចិត្ត​ និងការរួមវិភាគទានរបស់ថ្នាក់ដឹកនាំក្រសួង សប្បុរសជន និងបណ្តាក្រុមហ៊ុនឯកជន​ក្នុងវិស័យកសិកម្ម ចែកជូនដល់កងកម្លាំងជួរមុខ​ ដេីម្បីជាការផ្សារភ្ជាប់រវាងសមរភូមិមុខ​ និងសមរភូមិក្រោយ​ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារ​បូរណភាពទឹកដីកម្ពុជា​សម្រាប់កូនចៅជំនាន់ក្រោយរបស់យេីងទាំងអស់គ្នា។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី៤​ ខែមិថុនាកន្លងទៅ​ ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ក៏បានដឹកនាំប្រតិភូក្រសួង​ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខឈរជេីងក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យផងដែរ​។

មុននឹងបញ្ចប់​ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ ក្រសួងសប្បុរសជន និងបណ្តាក្រុមហ៊ុន​ ដែល​បានចូលរួមចំណែកគាំទ្រដល់ការពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំថែមទៀត​ ក្នុងស្មារតីរួបរួមខ្មែរតែមួយ៕

ប្រភព ៖ ក្រសួង កសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner