ប្រមុខថ្នាក់ដឹកនាំ រួមទាំងមន្ដ្រីស្ទើរគ្រប់ក្រសួង-ស្ថាប័ន ចូលរួមពិធីបិទការប្រកួត កីឡាវាយកូនគោល «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» ឆ្នាំ២០១៩ យ៉ាងអធិកអធម
ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» ឆ្នាំ២០១៩ ដែលរៀបចំឡើង ក្នុងគោលបំណងអបអរសាទរទិវាខួបរំលឹកអនុស្សាវរីយ៍ទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៩) ត្រូវបានរៀបចំពិធីបិទយ៉ាងអធិកអធម និងមានប្រមុខថ្នាក់ដឹកនាំ រួមទាំងមន្ដ្រីស្ទើរគ្រប់ក្រសួង-ស្ថាប័នចូលរួម ក្រោយដំណើរការប្រកួត១ថ្ងៃពេញ នៅទីលានវាយកូនហ្គោល Grand Phnom Penh ដោយមានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា អញ្ជើញជាអធិបតីភាពនាល្ងាចម្សិលមិញ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងក្នុងពិធីបិទការប្រកួតថា នេះគឺជាព្រឹត្តិការណ៍ ដ៏មានអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ដែលជាអង្គប្រតិបត្តិច្បាប់ដ៏សំខាន់ និងមានភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនរហូតមកទល់បច្ចុប្បន្ន។ តាមរយៈព្រឹត្តិការណ៍នេះ ក៏បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យកីឡាជាតិ ពិសេសកីឡាវាយកូនគោល ឆ្ពោះទៅរកភាពជោគជ័យផងដែរ។ សហព័ន្ធកំពុងរៀបចំខ្លួនកសាងសមត្ថភាព និងគុណផលកីឡា ស្របតាមផែនការយុទ្ធសាស្រ្ត ៤ឆ្នាំរំកិលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺ «កម្ពុជាឆ្ពោះទៅរកគុណផលកីឡាកម្រិតខ្ពស់» ដើម្បីសម្រួចទិសដៅត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» ឆ្នាំ២០១៩នេះ មានប្រមុខថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ដ្រីទូត និងកីឡាករជាតិ-អន្ដរជាតិប្រមាណជិត២០០នាក់ចូលរួម។ ជាលទ្ធផលវិញ្ញាសាជាក្រុម លេខ១ គឺបានទៅក្រុមសម្ដេចក្រឡាហោម ស ខេង លោកឧកញ៉ា ឈុន អូន និងលោកឧកញ៉ា សុខ ហុង លេខ២ បានទៅក្រុមសម្ដេចពិជ័យសេនា ទៀ បាញ់ លោក ឥត សារ៉ាត់ និងលោក អ៊ុក កោសា ខណៈលេខ៣ បានទៅក្រុមសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ លោក ជា សុផារ៉ា និងលោក អ៊ុក សាវុធ។ ចំណែកវិញ្ញាសាឯកត្ដជន ដែលមានហានីកាប់ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ សរ សិទ្ធិ លេខ២ កីឡាករ លី ហុង និងលេខ៣ កីឡាករ លី គា។ វិញ្ញាសាឯកត្តជន ដែលគ្មានហានីកាប់ លេខ១ កីឡាករ លឹម ប៊ូប៉ោ លេខ២ កីឡាករ ហាយ ងួន និងលេខ៣ កីឡាករ សោម បូរីរក្ស។ រីឯវិញ្ញាសាប្រកួតផ្នែកនារី លេខ១ កីឡាការិនី ខាន់ វង្ស លេខ២ កីឡាការិនី សាយ សុខនី និងលេខ៣ កីឡាការិនី កែវ សុខឃឿន៕ធ.ដ