រដ្ឋមន្រ្តីសង្គមកិច្ចអញ្ជើញជួបបងប្អូនពលករខែ្មរនៅមណ្ឌលសំចតក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទាអមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយ​ពលករ​ខ្មែរត្រឡប់មកពីប្រទេសថៃនៅមណ្ឌលសំចតក្រុង​ប៉ោយប៉ែត ។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ជា សុមេធី បានប្រាប់ប្រជាពលរដ្ឋនៅទីនោះថា កុំបន្តធ្វើចំណាក​ស្រុក​ដោយខុសច្បាប់ ហើយងាកមករកការងារនៅក្នុងប្រទេសវិញ ខណៈ​បច្ចុប្បន្នការងារមានសម្បូរបែប ។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល​កម្ពុជានីតិកាលទី៧ បានផ្តល់ឱកាសការងារ​ក៏ដូចជាការបណ្តុះ​បណ្តាល​ជំនាញ វិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារងាយរងគ្រោះ និងគ្រួសារក្រីក្រជាដើមដោយ​ពុំយកប្រាក់ ថែមទាំងផ្តល់​កន្លែង​ស្នាក់នៅ ម្ហូបអាហារ និងប្រាក់ឧបត្ថម្ភថែមទៀតផង។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អំណោយជូនរងគ្រោះដោយសារអំពើជួញដូរ ដែលកំពុងសិក្សាជំនាញនៅក្នុងមណ្ឌលផងដែរ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជន​រងគ្រោះ​ប៉ោយប៉ែត ត្រូវបានបង្កើតឡើង​ក្នុងគោលបំណង​ផ្តល់សេវា ការស្នាក់​នៅបណ្តោះអាសន្ន ការហូបចុក ការថែទាំសុខភាព ការអប់រំ ការ​បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ​បំណិនជីវិតដល់ជនរងគ្រោះ និងងាយ​រងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និង​គ្មានការរើស​អើង ជាតិសាសន៍ ឬពិការភាពអ្វីឡើយ៕
ដោយ៖ឃិន គន្ធា

ads banner