សហភាពសហព័ន្ធយុវជនកម្ពុជាបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៅខេត្តសៀមរាប
សៀមរាប៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលស.ស.យ.ក នៅខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក ប្រមាណ ៥០០ នាក់កាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥។កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ នៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា “យើងយុវជនចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនជួរមុខរបស់យើង ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី”។ឯកឧត្តមបន្ថែមថា ទន្ទឹមនឹងស្ថានភាពតានតឹងនៃបញ្ហាព្រំដែន ស.ស.យ.ក. នឹងប្តេជ្ញាបន្តចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងនូវ គ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិ ពាក់ព័ន្ធនឹង ស្ថានការណ៍នយោបាយ និងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ស.ស.យ.ក បានរៀបចំដំណើរថ្មើរជើង(Solidarity March) ដោយបានបង្ហាញពីឆន្ទៈមនសិការស្នេហាជាតិ និងទឹកដី និង រួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ដែលជាការចូលរួម ចំណែកក្នុងខឿនការពារជាតិប្រជាជនផងដែរ។
ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨» ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សាភ្ជាប់ផែនការការងារឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ។ការជួបជុំគ្នានេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្រុមគ្រួសារស.ស.យ.ក បេ្តជ្ញាថានឹងរៀបចំកម្មវិធីសំខាន់ៗបន្តទៀតសំដៅបង្កើន ក្តីស្រឡាញ់ សមានចិត្ត ការគាំទ្រ និងជួយលើកតម្កើងឱ្យកាន់តែខ្ពស់ថែមទៀតនូវ មោទនភាពរបស់យុវជន និងប្រជាជននៅទូទាំងប្រទេសចំពោះជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ៖ប៊ុន រដ្ឋា
















