សម្តេចធិបតី ៖ ស.ស.យ.ក. គឺជាចលនាយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ មានតាំងពីយុវជន ជំនាន់មុន រហូតដល់យុវជន ជំនាន់បច្ចុប្បន្ន
(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្លាំងយុវជន នៃ សហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.) គឺជាចលនាយុវជន នៅក្នុងបុព្វហេតុជាតិ មាតុភូមិ, មានអត្ថិភាពតាំងពីយុវជនជំនាន់មុន រហូតដល់យុវជនជំនាន់បច្ចុប្បន្ន និងមិនធ្លាប់ កាត់ផ្តាច់ពីសង្គមខ្មែរនោះទេ ទាំងក្នុងដំណាក់កាលសង្គ្រាម, ដំណាក់កាលកសាងប្រទេស ដំណាក់កាលអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និង ដំណាក់កាលទាមទារមកវិញនូវមោទនភាពជាតិ នាពេលអនាគត”។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិ ធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ។
សម្តេចធិបតី បានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងយុវជន នៃ ស.ស.យ.ក. បាន និងកំពុងរួបរួមគ្នា ជាធ្លុងមួយ ពួតដៃពូនជ្រំ, ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ឯកភាពជាតិ សាមគ្គីភាព និង ការបំប្លែង កម្លាំងស្ម័គ្រចិត្តទៅជាចលនាជាតិ ក្នុងស្មារតីខ្មែរតែមួយ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាងសហសម័យកម្ពុជា ឱ្យរីកចម្រើនរុងរឿងឡើងវិញ ដូចសម័យមហាអង្គរ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល តែងតែចាត់ទុកយុវជន គឺជាក្តីសង្ឃឹម របស់ប្រទេសជាតិ ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ តួនាទី និង សិទ្ធិរបស់យុវជន តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រគោលនយោបាយ ផែនការ និង វិធានការនានា ដើម្បីអភិវឌ្ឍយុវជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដដែល មានចំណេះដឹងទូលំទូលាយ និង មានជំនាញពិតប្រាកដ, សុខភាពល្អ និងសីលធម៌ល្អ សំដៅត្រៀមយុវជនកម្ពុជារួចជាស្រេច សម្រាប់ចូលរួមបម្រើជាតិមាតុភូមិ នៅគ្រប់កាលៈទេសៈ និង ជាអ្នកបន្តវេនប្រកបដោយថាមពល និង សក្តានុពល ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ