ប្រទេសផលិតប្រេងជួបពិភាក្សាគ្នាអំពីទីផ្សារប្រេង ខណៈភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងកើនឡើងកម្តៅ
អារ៉ាប៊ីសាអូឌីត៖ ប្រទេសផលិតប្រេងឆៅចម្បងៗនៃអង្គការ OPEC ដែលជាអង្គការក្រុមប្រទេសនាំចេញប្រេង បានជួបប្រជុំគ្នានៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីវិធីធ្វើឲ្យទីផ្សារប្រេងដែលប្រែប្រួលលឿននាពេលបច្ចុប្បន្ននេះមានស្ថិរភាព ស្របពេលដែលមានភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កើនឡើងនៅក្នុងឈូងសមុទ្រពែក្ស ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង។
ប្រទេសជាសមាជិកចម្បងៗនៃអង្គការ OPEC និងប្រទេសផ្គត់ផ្គង់ប្រេងចម្បងៗផ្សេងទៀត រួមទាំងរុស្ស៊ីផងនោះ នឹងវាយតម្លៃទីផ្សារប្រេង និងពិនិត្យមើលថាតើមានស្របតាមការកាត់បន្ថយផលិតកម្មប្រេង ដូចដែលបានឯកភាពគ្នាកាលពីឆ្នាំមុនដែរ ឬទេ។ ការប្រជុំនេះ ធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមានការវាយប្រហារបំផ្លាញនាវាដឹកប្រេងនៅក្នុងដែនសមុទ្រនៃឈូងសមុទ្រពែក្ស និងការទម្លាក់គ្រាប់បែករបស់ពួកឧទ្ទាមយេម៉ែន ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បំផ្លាញបំពង់បង្ហូរប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
កិច្ចប្រជុំនេះទៀតសោត ក៏ត្រូវបានធ្វើឡើងនៅចំពេលដែលការដាក់ទណ្ឌកម្មពេញទំហឹងឡើងវិញរបស់សហរដ្ឋអាម៉េរិកលើប្រទេសអ៊ីរ៉ង់ចូលជាធរមាន ដែលករណីនេះ ធ្វើឲ្យប៉ះពាល់ដល់ការនាំចេញប្រេងឆៅរបស់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ៕ធ.ដ