សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណា ដែលបាញ់ដ្រូនថៃ ហោះចូលដីខ្មែរ
(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណា ដែលបាញ់ដ្រូនហោះរបស់ថៃហោះចូលដីខ្មែរ និងថា នេះមិនមែនជាការប្រមាថឡើយ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ។
សម្តេចធិបតី បានថ្លែងថា អាហោះ (ដ្រូន) អាស្អីៗហ្នឹង បង្ហាញមកនឹង បើសិនបងប្អូនណា ដាក់ឆេះ តើលើកទឹកចិត្ត គាត់ប៉ុន្មាន គិតអាហ្នឹងទៅវិញ កំពុងតែពិចារណា មិនមែនជាការប្រមាថ ប៉ុន្ដែ អ្នកបញ្ចេញបែបនេះ ហើយគំរាមមកយើង ។ ទ័ពគេមកបាញ់ទ័ពខ្មែរធ្វើជី ធ្វើអី អ្នកឯងថាចុះរឿងតាមហ្វេសប៊ុក ។ ប៉ុន្ដែ សូមកុំប្រមាថឱ្យសោះ ។
សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា កម្ពុជា មិនចង់ធ្វើសង្គ្រាមនោះទេ យើងឆ្អែតហើយ ប៉ុន្ដែបើសិនជាមានការបំពាន ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ហើយជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារទឹកដី ទោះបី ឧបករណ៍យើងមិនទំនើបខ្លាំង ប៉ុន្ដែទឹកចិត្ត និងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ ដើម្បីបំផ្លាញផែនការ និងទន្ទ្រានទឹកដីរបស់យើង ។
សម្តេចធិបតី បានលើកឡើងថា ការៀបចំរបស់យើងមានតែប៉ុណ្ណឹង ហើយកំពុងតែអង្គុយគិត រថក្រោះដាក់មកនោះ បើសិនបាញ់ចំយើង គួរលើកទឹកចិត្តរបស់បងប្អូនយើង ។
ជាមួយគ្នានោះដែរ សម្តេចបានអះអាងថា បើសិនមានការឈ្លានពានណាមួយពីថៃ យើងមានអាវុធគ្រប់គ្រាន់ក្នុងការឆ្លើយតបវិញភ្លាមៗ ៕




អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ