ប្រមុខការទូតកំពូលអ៊ីរ៉ង់បដិសេធលទ្ធភាពនៃការផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន IRNA របស់អ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាវ៉ាដ ហ្ស៊ារីហ្វ បានធ្វើការបដិសេធលទ្ធភាពនៃការមានសង្គ្រាមនៅក្នុងតំបន់ ដោយលោកបាននិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់មិនចង់មានសង្គ្រាមទេ។
លោក ហ្ស៊ារីហ្វ បានប្រាប់ទីភ្នាក់ងារព័ត៌មាន IRNA នៅមុនពេលលោកបញ្ចប់ដំណើរទស្សនកិច្ចមួយនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិនថា នឹងគ្មានសង្គ្រាមទេ ពីព្រោះយើងមិនចង់មានសង្គ្រាមឡើយ ហើយក៏គ្មាននរណាម្នាក់មានគំនិត ឬការភ័ន្តមតិថា ខ្លួនអាចប្រឈមនឹងអ៊ីរ៉ង់នៅក្នុងតំបន់បានទេ។
ប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា ការពិតជាក់ស្តែងគឺថា លោក ត្រាំ បាននិយាយជាផ្លូវការថា លោកមិនចង់មានសង្គ្រាមទេ ក៏ប៉ុន្តែពួកមនុស្សនៅជុំវិញលោកបានជំរុញឱ្យមានសង្គ្រាម ដោយមានលេសថា ពួកគេចង់ធ្វើឱ្យសហរដ្ឋអាម៉េរិកខ្លាំងជាងមុនប្រឆាំងនឹងអ៊ីរ៉ង់៕ធ.ដ