ក្រសួងការបរទេសសហរដ្ឋអាម៉េរិកព្រមានយន្តហោះឆ្លងកាត់ឈូងសមុទ្រ ពែក្ស ស្របពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់កើនឡើង
សហរដ្ឋអាម៉េរិក៖ អ្នកការទូតអាម៉េរិកបានព្រមានក្រុមហ៊ុនយន្តហោះដឹកអ្នកដំណើររបស់សហរដ្ឋអាម៉េរិកទាំងអស់ ដែលហោះឆ្លងកាត់តំបន់ឈូងសមុទ្រ ពែក្ស ឱ្យមានការប្រយ័ត្នប្រយែង ស្របពេលដែលភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់បន្តកើនឡើង។
ការព្រមាននេះ ត្រូវបានធ្វើឡើងដោយអ្នកការទូតអាម៉េរិកប្រចាំនៅប្រទេសកូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម ពោលគឺរយៈពេលពីរថ្ងៃបន្ទាប់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាម៉េរិក បានចេញសេចក្តីព្រមានជាបឋមកាលពីពេលមុន។
សូមរំលឹកថា សហរដ្ឋអាម៉េរិកបានបញ្ជូននាវាចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅតំបន់ជ្ឈិមបូព៌ា ដើម្បីឆ្លើយតបនឹងការចោទថា មានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។ ការគំរាមកំហែងដែលមិនអាចពន្យល់បាននេះ បាននាំឱ្យសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើអ៊ីរ៉ង់ និងដកបុគ្គលិកការទូតអាម៉េរិកមិនសំខាន់ៗចេញពីស្ថានទូតនៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ផងដែរ៕ធ.ដ