បាល់ទាត់ពិធីករកីឡាកម្ពុជា រៀបចំបរិច្ចាគឈាម និងបាល់ទាត់មិត្តភាពកំបែកកំនត់ត្រាថ្មីនៅក្នុងទឹកដីនៃខេត្តសៀមរាប
(ខេត្តសៀមរាប)៖ ព្រឹត្តិត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»រៀបចំដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជាមួយរដ្ឋបាលខេត្តសៀមរាប បានធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីទឹកចិត្ត ការស្រលាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោក គុជ ឆៃយ៉ា ប្រធានអ្នកចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានមានប្រសាសន៍ថា មុនព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពចូលមកដល់ ការបរិច្ចាគឈាមបានធ្វើឡើងចាប់ពីថ្ងៃទី១៩ ហើយនៅពេលព្រឹកទី២០ មានការអញ្ជើញចូលបិច្ចាគឈាមដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នៅសួនច្បារព្រះរាជដំណាក ក្រុងសៀមរាប ខេត្តសៀមរាប។ ការបរិច្ចាគឈាមលើកនេះជាលើកទី១៥ របស់ឯកឧត្តមក្នុងស្មារតី មនុស្សធម៌ចូលរួមជួយសង្គ្រោះជីវិតមនុស្ស នៅគ្រប់មន្ទីរពេទ្យដែលកំពុងត្រូវការឈាមជាចាំបាច់ ។

ក្រៅពីវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ក៏មានមហាជនចូលរួមយ៉ាងច្រើនកុះករ ហើយចំពោះលទ្ធផលនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងទាំង៣ស្ថាប័នរបស់ខេត្ត សមាជិក សមាជិការ ស.ស.យ.ក. ក្រុមយុវជនស្ម័គ្រចិត្ត រួមទាំងព្រះសង្ឃ សិស្សនិស្សិត អង្គការ សមាគម តំណាងវិស័យឯកជននានា និងសាធារណជន បានសរុប ១៥៥៥ សាក់ ដែលមាន អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមចំនួន២០០៥ អង្គ-អ្នក ។

នេះជាលទ្ធផលបង្ហាញឡើងលើសពីការរំពឹងទុកដោយបានបំបែកកំណត់ត្រាថ្មីមួយទៀត បន្ទាប់កាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានរៀបចំព្រឹត្តការណ៍បរិច្ចាគឈាមនៅរាជធានីភ្នំពេញ ដោយកាលនោះរៀបចំឡើងចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទីល្ងាចគឺមានចំនួន១២៥៧ សាក់។ ដោយឡែកក្រោយចប់ព្រឹត្តិការណ៍បរិច្ចាគឈាមហើយនោះ នៅរសៀលថ្ងៃទី២០ ខែមិថុនា ២០២៥ ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាបនៅទីលានបាល់ទាត់ហនុមាន (SRU Stadium) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ។

ការប្រកួតមិនផ្ដោតលើលទ្ធផលឈ្នះចាញ់នោះទេ តែជាការបង្ហាញអំពីការចូលរួមកិច្ចការងារសង្គម លេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព បំផុសចលនាចូលរួមកិច្ចការងារផ្សេងៗជួយដល់សង្គម ដែលជាកម្លាំងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គមជាតិរបស់យើង ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព»។

គួររំលឹកថា ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានរៀបចំព្រឹត្តការណ៍ប្រកួតបាត់ទាត់មិត្តភាពនិងបរិច្ចាគឈាមចំនួន២លើកហើយ។ ដោយលើកទី១ កាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទស្តាតចាស់មានរយៈពេល១ថ្ងៃចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទីល្ងាចទទួលបានឈាមសរុបចំនួន១២៥៧ សាក់។ និងលើកទី២នៅខេត្តសៀមរាប មានរយៈពេលមួយថ្ងៃកន្លះគឺនៅថ្ងៃទី១៩ និងមួយព្រឹកនៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤ ទទួលបានលទ្ធផលឈាមសរុប ១៥៥៥ សាក់។ ដោយមានចូលរួមអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន២០០៥ អង្គ-នាក់៕
ដោយ ៖ ជាវ ចន្ធូ
