សប្បុរសជនមកពីភ្នំពេញ និងខេត្តចំនួនបីទៅសួរសុខទុក្ខកងកម្លាំងដែលឈរជើង៤គោលដៅនៅខេត្តឧត្តរមានជ័យ
បន្ទាយមានជ័យ៖ក្នុងទឹកចិត្តខ្មែរជួយខ្មែររួមគ្នាជាធ្លុងមួយ បេះដូងតែមួយ ,សប្បុរសជនមកពីរាជធានី ខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ធឿន វុទ្ធី តំណាងឱ្យសប្បុរសជនបានអញ្ជើញទៅសាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងថ្នាំពេទ្យមួយចំនួនធំ ជូនកងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដីចំនួន ៤គោលដៅនៅខេត្តឧត្តរមានជ័យកាលពីចុងសប្ដាហ៍នេះ។

ក្នុងឱកាសនៃសាកសួរសុខទុក្ខលោក ធឿន វុទ្ធី បានបញ្ជាក់នេះថា ជាការលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ដែលមានឈាមខ្មែរដូចគ្នា បូជាសាច់ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិក្នុងការការពារប្រាសាទ ការពារបូរណភាពទឹកដី ។លោកបន្ថែមថា ខ្មែរគ្រប់រូបគួររួបរួមគ្នាសាមគ្គីគ្នា ដើម្បីជាតិមាតុភូមិកម្ពុជា មិនឱ្យជាតិសាសន៍ផ្សេង មើលងាយឈ្លានពានបាននោះឡើយ។

លោក ធឿន វុទ្ធី ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ។

សូមជម្រាបថា អំណោយគ្រឿងឧបភោគ បរិភោគ សម្ភារៈនិងថ្នាំពេទ្យត្រូវបានប្រគល់ជូន កងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសទី៣ ប្រាសាទតាមាន់ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ,,កងអនុសេនាធំលេខ២ ផ្នែកសឹករងសំរោង ច្រកថ្មដូន នៅភូមិដូន ឃុំគោកមន ស្រុកបន្ទាយអំពិល,វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប៉ុស្តិ៍ព្រំដែនថ្មដូន នៅភូមិដូន ឃុំគោកមន ស្រុកបន្ទាយអំពិល និងកងវរៈសេនាតូចលេខ៤៤៤ តំបន់ប្រតិបត្តិការរងឧត្តរមានជ័យ ប្រចាំការទិសប្រាសាទតាក្របី នៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ៕
ដោយ៖ឃិន គន្ធា

