កម្ពុជានឹងរៀបចំ “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២នៅថ្ងៃទី២៦ខែមិថុនានេះ
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា កម្ពុជានឹងរៀបចំ “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២” ក្រោមប្រធានបទ៖ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នា សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៥ល្ងាចនៃថ្ងៃដដែល។
ទិវាជាតិនេះនឹងប្រមូលផ្តុំសហគ្រាសធុនមីក្រូ តូច និងមធ្យម, ស្ថាប័នរដ្ឋ និងឯកជន, ដៃគូអភិវឌ្ឍន៍ និងអង្គការស្ថាប័នពាក់ព័ន្ធ ដើម្បីអបអរសាទរ និងលើកកម្ពស់តួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមនិងចាប់យកឱកាសនាពេលអនាគត។នេះបើតាមក្រសួងឧស្សាហកម្ម គូសរំលេចនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន។
ក្នុងព្រឹត្តិការណ៍នេះដែរ មានកម្មវិធីសំខាន់ៗមួយចំនួនដូចជា ការតាំងបង្ហាញផលិតផលដែលមាននវានុវត្តន៍របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម,កិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៤ គឺ៖១. របបនិយតកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម,២. យន្តការគាំទ្រ និងការលើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម,៣. ការជំរុញផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារក្នុងស្រុក និង៤.ការជំរុញផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារតំបន់ និងពិភពលោក។ក៏នៅមានព្រឹត្តិការណ៍អមមួយទៀត គឺវេទិកាវិស័យវេចខ្ចប់នៅកម្ពុជា៕
ដោយ៖មុនី
