មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ គាំទ្រនិងចូលរួមចំណែក ជាមួយក្រសួងសុខាភិបាល កម្ពុជា
(ភ្នំពេញ)៖ មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ គាំទ្រនិងចូលរួមចំណែក ជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលថ្នាក់ឯកទេសជំនាញ និងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែឆាប់រហ័ស។
មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនេះ ក៏បានចូលរួម ផ្តល់ជាអំណោយមនុស្សធម៌តាមរយៈព្រឹទ្ធសភា កម្ពុជា រួមមានឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីគាំទ្រផ្នែកសុខភាព ក្នុងពេលកន្លងមក។
នេះបើតាមការឱ្យដឹងពី លោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ រួមដំណើរដោយ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងក្រុមការងារ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
លោក គីម ជុងណាម បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះកិច្ចពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ជាពិសេស ,ការគាំទ្រផ្តល់អាហារូបករណ៍សិក្សាបន្តថ្នាក់ឯកទេសជំនាញ ផ្នែកសល្យសាស្ត្រឆ្អឹង និងផ្នែកសល្យសាស្ត្រប្រព័ន្ធប្រសាទ ដល់វេជ្ជបណ្ឌិត ១០រូបក្នុងមួយឆ្នាំ នៅសាធារណរដ្ឋកូរ៉េ ,ពិភាក្សាអំពីការងាររៀបចំប្រព័ន្ធសង្គ្រោះបន្ទាន់សម្រាប់ជួយពង្រឹងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺ តាមរយៈប្រព័ន្ធ AI ដើម្បីបង្កើនលទ្ធភាពប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។ ,ពិភាក្សាគម្រោងការងារក្នុងការផ្គត់ផ្គង់ និងចែកចាយឱសថនៅកម្ពុជាផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការដែលមូលនិធិបានលើកឡើង ដោយសុំជូនការពិភាក្សាលម្អិតជាមួយជំនាញពាក់ព័ន្ធនីមួយៗឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីពិនិត្យលទ្ធភាពក្នុងការអនុវត្តន៍ ព្រមទាំងបានសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ច និងកោតសរសើរការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលពិតជាបានជួយពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សុខាភិបាលឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំនាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ








