លោកជំទាវ ពុំ ចន្ទីនី លើកទឹកចិត្តមន្រ្តី និងក្រុមការងារ ខិតខំប្រឹងប្រែង សម្រេច ឱ្យបានការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រប្រកបដោយជោគជ័យ
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានផ្តល់អនុសាសន៍ដល់មន្ត្រី និងក្រុមការងារអភិវឌ្ឍស្ថាប័នទាំងអស់ សូមបន្តខិតខំប្រឹងប្រែងអនុវត្តការងារទៅតាមជំហានៗ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រប្រកបដោយជោគជ័យ ។
លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើល វឌ្ឍនភាព, សមិទ្ធផលសម្រេចបាន, បញ្ហាប្រឈមនានា ព្រមទាំងក្តាប់ឱ្យបានយ៉ាងស៊ីជម្រៅ នូវកិច្ចការគន្លឹះ និងមេរៀននានា ក្នុងរយៈពេលនៃការអនុវត្តឆ្នាំ ២០២១ មកដល់៥ខែ ដើមឆ្នាំ២០២៥ កន្លងមក ទុកជាមូលដ្ឋានគ្រឹះនៃការដាក់ចេញជាអនុសាសន៍ បន្តក្នុងឆ្នាំ ២០២៦-២០៣០ ខាងមុខនេះ ឱ្យបានសមស្របទៅនឹង សភាពការណ៍វិវត្តន៍ថ្មីៗ តម្រូវការថ្មី នៃនវានុវត្តមនុស្សធម៌ ព្រមទាំងបន្ស៊ីជាមួយនឹងអាទិភាពរបស់ជាតិ ពោលគឺយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងលើកកម្ពស់ផលទទួលបានជាលក្ខណៈយូរអង្វែង។
លោកជំទាវឱ្យដឹងទៀតថា ក្នុងរយៈពេល៥ឆ្នាំដំបូងនៃយុទ្ធសាស្ត្រនេះគឺពី ឆ្នាំ២០២១-២០២៥ កាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងប្រមូលផ្តុំកម្លាំងមនុស្សធម៌ កៀរគររកមូលនិធិបំផុសកម្លាំងស្ម័គ្រចិត្ត ចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗ វិបត្តិសាកលបង្កដោយជំងឺកូវីដ១៩ បញ្ហាប្រឈមជាសាកលយ៉ាងស្រួចស្រាវ បង្កដោយការប្រែប្រួលអាកាសធាតុ សង្គ្រាម និងជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃ នៅតាមតំបន់មួយចំនួន ការកើតមានជំងឺរាតត្បាតថ្មីៗ ខាងផ្នែកសុខភាព ដែលកើតចេញពីជំងឺមិនឆ្លងជាដើម ។
លោកស្រី កាទ្រីន ក្លាសិន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិប្រចាំកម្រងប្រទេស កម្ពុជា-ឡាវ-ថៃ-វៀតណាម បានកោតសរសើរ កាកបាទក្រហមកម្ពុជា ដែលបានអនុវត្តនូវយុទ្ធសាស្ត្រ ដែលមានភាពបន្ស៊ីទៅនឹងយុទ្ធសាស្ត្រសហព័ន្ធ និងដើរទាន់សភាពការណ៍ ដែលកើតឡើងបច្ចុប្បន្ន ។ ក្នុងរយៈពេល៥ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រ គឺកាកបាទក្រហមកម្ពុជា ពិតជាបានខិតខំប្រឹងប្រែង បំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបានយ៉ាងល្អ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ។ ហើយពេលនេះ គឺជាពេលដ៏ល្អ ដែលកាកបាទក្រហមកម្ពុជា មានផែនការយ៉ាងល្អិតល្អន់ ក្នុងការពិនិត្យសារឡើងវិញ ក្នុងការអនុវត្តយុទ្ធសាស្ត្រ៥ឆ្នាំកន្លងមក ហើយនិងបន្តយុទ្ធសាស្ត្រ៥ឆ្នាំបន្ទាប់ ដោយធ្វើយ៉ាងណាឱ្យមានភាពកាន់តែប្រសើរឡើង ៕





ដោយ / គ្រី សម្បត្តិ