លោក ពូទីន ថា រុស្ស៊ីនឹងព្យាយាមជួយអ៊ីរ៉ង់
បរទេស ៖ មេដឹកនាំប្រទេសរុស្ស៊ី លោក ពូទីន បានប្រកាសថ្កោលទោស ការវាយប្រហារលើអ៊ីរ៉ង់ ដោយនិយាយបន្ថែមថា រុស្ស៊ីនឹងព្យាយាមជួយជនជាតិអ៊ីរ៉ង់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោស ការវាយប្រហារ លើទីក្រុងតេអេរ៉ង់ថា ជា «ការឈ្លានពាន» ហើយនិយាយថា ទីក្រុងមូស្គូ កំពុងព្យាយាម ជួយប្រជាជនអ៊ីរ៉ង់។ លោកពូទីន បានអះអាងបែបនេះ ក្នុងពេលទទួលជួប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ។
បើតាមកាសែត RT បានចុះផ្សាយបន្ថែមថា ក្នុងជំនួបនោះ
លោក ពូទីន បានបន្ថែមថា សកម្មភាពរបស់អ៊ីស្រាអែល និងអាមេរិក គឺ «មិនស្របច្បាប់» និង រំលោភលើបទដ្ឋានអន្តរជាតិ។ លោក Araghchiបានយល់ស្របនឹងការវាយតម្លៃ របស់លោក Putin ដោយនិយាយថា «រុស្ស៊ី សព្វថ្ងៃ ឈរនៅលើភាពត្រឹមត្រូវ នៃប្រវត្តិសាស្ត្រ និង ច្បាប់អន្តរជាតិ»។
អ្នកការទូត រូបនេះ បានសង្កត់ធ្ងន់ថា តាមរយៈការវាយប្រហារគោលដៅ នៅអ៊ីស្រាអែល គឺ អ៊ីរ៉ង់ធ្វើឡើង ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន តាមរបៀប ស្របច្បាប់។
គួរកត់សម្គាល់ថា ជំនួបនេះ បានធ្វើឡើង នៅមុនមួយថ្ងៃ ដែលអ៊ីរ៉ង់ បានវាយប្រហារ លើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា ជាការសងសឹក។ គួរបញ្ជាក់ដែរថា សង្គ្រាមអ៊ីរ៉ង់ បានផ្តើមចេញដំបូង ពីការវាយប្រហារ របស់អ៊ីស្រាអែល កាលពីថ្ងៃទី១៣ ខែមិថុនា ហើយអ៊ីរ៉ង់ ក៏បានបាញ់តបត ទៅលើប្រទេស អ៊ីស្រាអែល មុនពេលអាមេរិក ទម្លាក់គ្រាប់បែក B-2 Spirit លើអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត