សិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការ ជួញ ដូរការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថល”
(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថល” នៅសណ្ឋាគារ សុខ ថៃសាន្ដ ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តចារ្យ វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមឧត្តមសេនីយឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក យ៉ង ភិរម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីរាជការតំណាងមន្ទីរប្រៃសណីយ៍និងទូរគនាគមន៍ខេត្ត បណ្ដាសាខាប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍សរុបប្រមាណ ១២០រូប។
សិក្ខាសាលានេះរៀបចំក្នុងគោលបំណង ១). ដើម្បីកាត់បន្ថយ ឬទប់ស្កាត់នូវភាពអវិជ្ជមានដែលបានប៉ះពាល់ដល់ធនធានមនុស្ស ២). ផ្សព្វផ្សាយចំណេះដឹងការចរាចរគ្រឿងញៀន ដែលត្រូវបានលួចបង្កប់តាមបញ្ញើប្រៃសណីយ៍ ៣). ចែករំលែកបទពិសោធក្នុងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន និងបញ្ហាអេដស៍ ដើម្បីការពារខ្លួនក៏ដូចជាមានវិធានការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងនាំគ្នាយល់អំពីលទ្ធផលនៃការខ្ជីខ្ជា ឬមើលស្រាលជំងឺអេដស៍។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនដែលបានចំណាយពេលវេលា ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធថ្មីៗ ពាក់ព័ន្ធនិងជម្ងឺអេដស៍ ក៏ដូចជាបញ្ហាគ្រឿងញៀនផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាដែលបានចូលរួមនៅថ្ងៃនេះគឺជាសកម្មភាព ជាចលនា ចូលរួមបញ្ចប់ជម្ងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរគ្រឿងញៀន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យកញ្ចប់បញ្ញើក្នុងក្រុមហ៊ុនរបស់ខ្លួន៕
ដោយ៖ង៉ាន់ ទិត្យ








