លោក Trump ទទូចថា ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ “ត្រូវបានបំផ្លាញទាំងស្រុង”

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទូចថា ទីតាំងនុយក្លេអ៊ែរ ក្នុងប្រទេសអ៊ីរ៉ង់ “ត្រូវបានបំផ្លាញទាំងស្រុង” ដោយសារការវាយប្រហារយោធា របស់សហរដ្ឋអាមេរិក បើទោះបីជាការវាយតម្លៃស៊ើបការណ៍សម្ងាត់ ធ្វើឱ្យមានការសង្ស័យ លើជោគជ័យ របស់ពួកគេក៏ដោយ។

តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារ លោក ប្រធានាធិបតី Donald Trump បានបង្ហោះថា «ទីតាំងនុយក្លេអ៊ែរនៅអ៊ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុង!»។

ប្រធានាធិបតី Donald Trump បានច្រានចោលរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលបានចុះផ្សាយថា ការទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ ត្រឹមតែអាចបង្អាក់ដល់ដំណើរការកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង Tehran ក្នុងរយៈពេលពីរ ឬ បីខែ ប៉ុណ្ណោះ។

ព័ត៌មានលម្អិត នៃការវាយតម្លៃ លើទំហំខូចខាត ដំបូង ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ របស់មន្ទីរបញ្ចកោណ ត្រូវបានបែកធ្លាយ ដល់ប្រព័ន្ធផ្សព្វផ្សាយ ដូចជា BBC និង CBS ព្រមទាំង ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ បេសកជនពិសេសរបស់លោក Trump ប្រចាំតំបន់មជ្ឈិមបូព៌ា គឺ លោក Steve Witkoff បានហៅការលេចធ្លាយនេះ ថា ជាទង្វើ «ក្បត់ជាតិ»។

គួរបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែក ដ៏ប្រល័យ លើរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ប៉ុន្តែ អ៊ីរ៉ង់ បានសងសឹកវិញដែរ ដោយបានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner