ក្រុមការងារអាជ្ញាធរខេត្ត និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្របសម្រួលត្រៀមរថយន្តជាច្រើនគ្រឿងដឹកជញ្ជូនបងប្អូនពលករទៅលំនៅដ្ឋានវិញ
(បន្ទាយមានជ័យ)៖ បងប្អូនប្រជាពលករដែលត្រូវឆ្លងដែនចេញមកពីប្រទេសថៃមា នក្រុមការងារអាជ្ញាធរខេត្ត និង ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរង់ចាំទទួលស្វាគមន៍ពួកគាត់យ៉ាងកក់ក្តៅ និងជួយធ្វើការសម្របសម្រួលរាល់បញ្ហាឯកសារ នានា បើទោះបីជាមានឯកសារ ឬក៏គ្មានឯកសារអ្វីក៏ដោយ ក៏ក្រុមការងារធ្វើការសម្របសម្រួលជូនបងប្អូនប្រជាពលករដើម្បីបានចូលប្រទេសរបស់ខ្លួនវិញ និងត្រៀមរថយន្តដឹកវិលត្រឡប់ទៅលំនៅដ្ឋានផងដែរ ។ នេះបើតាមការឱ្យដឹងពី លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២៥ មិថុនា ២០២៥។
លោក លៀម សុដា បន្តថា៖ ការវិលត្រឡប់មកស្រុកកំណើតរបស់បងប្អូនពលករនៅពេលនេះ ដែរអាជ្ញាធរខេត្ត បានត្រៀមរថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនដោយមិនឲ្យបងប្អូនចំណាយអស់ថវិកាក្នុងការធ្វើដំណើរនោះឡើយ។ មិនតែប៉ុណ្តោះក៏បានផ្តល់ឱកាសការងារសម្រាប់បងប្អូនពលករគ្រប់រូបដែលមានបំណងចង់ធ្វើការងារនៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពទិដ្ឋភាពទូទៅនៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារស្ទឹងបត់ រួមទាំងច្រកតំបន់ផ្សេងពីរទៀតក្រោយពីភាគីថៃបានធ្វើការបិទដោយឯកតោភាគី ក្នុងការសម្រួលម៉ោងនិងពេលវេលាចេញ.ចូលនោះមកដល់ពេលនេះគឺស្ងប់ស្ងាត់ជាធម្មតាមិនមានការធ្វើអាជីវកម្មដោះដូរទំនិញអ្វីនោះឡើយ ដោយឡែកសម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលច្រកទ្វារអន្តរជាតិមានលំហូរទេសចរឆ្លងកាត់ធំជាងគេនោះ ភាគីទាំងពីរបានកំណត់ពេលវេលាចេញ.ចូល ក្នុងរយៈពេលបីម៉ោងដើម្បីឲ្យអ្នកដំណើរឆ្លងដែនចេញ.ចូល ប្រទេសរវាងពលរដ្ឋទាំងពីរ គឺចាប់ពីម៉ោង ៥.០០នាទីល្ងាច ដល់ម៉ោង ៨.០០នាទីយប់ ទើបត្រូវបិទការចេញ.ចូល ។ ពាក់ព័ន្ធករណីបិតច្រកទ្វារប៉ោយប៉ែតនេះដែរខាងភាគីថៃ អនុញ្ញាតឲ្យចេញចូលបានចំពោះតែសិស្សានុសិស្ស និងអ្នកជំងឺធ្ងន់ធ្ងរ ដែលត្រូវទៅពិនិត្យព្យាបាលជំងឺនៅឯប្រទេសថៃតែប៉ុណ្ណោះ៕






ដោយ៖ឃិន គន្ធា