គណៈប្រតិភូ ប្រទេសទីម័រខាងកើត កោតស្ញើបស្ញែងចំពោះការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត
(កំពត)៖ ប្រទេសកម្ពុជាក្រោយមហានគររយៈពេល ៥០០ឆ្នាំ គឺមិនដែលទទួលបាននូវសុខសន្តិភាពពេញលេញនោះទេ តែបច្ចុប្បន្ន ក្រោមការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញជូនពលរដ្ឋ និងប្រទេសជាតិ ដែលពោរពេញទៅដោយការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ហើយ ការដែលយកបានមកនូវសុខសន្តិភាពជូនជាតិ ជូនពលរដ្ឋនេះ គឺមិនមែនជាការងាយនោះទេ គឺថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ពុះពារគ្រប់ឧបសគ្គក្នុងការបញ្ចប់សង្គ្រាមដោយមិនប្រើប្រាស់អាវុធក្រោមគោលនយោបាយ ឈ្នះ ឈ្នះ នេះជាប្រសាសន៍របស់ឯក ឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពត បានលើកឡើង នៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៥ក្នុង ក្នុងពេលជួបសំណេះសំណាលជាមួយ គណៈ:ប្រត្តិភូ១ក្រុម នៃកម្មវិធី Fturu Lider ba ASEAN (FLBA)ជាកម្វវិធីសម្រាប់អ្នកដឹកនាំវ័យក្មេង និងអនាគតរបស់ប្រទេស ទីម័រខាងកើត ដោយបានមកធ្វើទស្សន:កិច្ចសិក្សានៅខេត្តកំពត ។

ឯកឧត្តម អភិបាលខេត្តកំពត បានមានប្រសាសន៍បន្តថា: បច្ចុប្បន្ន ប្រទេសកម្ពុជា ក្រោមការដឹកនាំបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្តេចនៅតែមានគោលជំហររក្សាឱ្យបាននូវសុខសន្តិភាព និងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងលើកមុខមាត់ប្រទេសកម្ពុជាឱ្យទទួលបាននូវកិត្តិស័ព្ទ កិត្តិនាមល្បីល្បាញទូទាំងប្រទេសនិងនៅលើឆាកអន្តរជាតិ។

ក្រោយពីបានស្តាប់បទបង្ហាញ ក៏ដូចជាលើកជាសំនួរផ្សេងៗពីគណៈប្រតិភូ លោក អេសេគៀល ហ្វេរហ៊ែរ៉ា ប្រធានគណៈប្រតិភូ បានសំដែងការស្ងើបស្ងែងចំពោះការដឹកនាំប្រទេស និងវិធីសាស្ត្រក្នុងការស្វែងរកសុខសន្តិភាពជូនជាតិ ជូនប្រជាជន របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលប្រទេសនានាលើពិភពលោកពិបាកនឹងធ្វើបាន។

លោកក៏បានកោតសរសើរចំពោះការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តរក្សាបាននូវស្ថេរភាពនយោបាយ ពិសេសសុខសន្តិភាព និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនោះ លោកក៏បានលើកសរសើរចំពោះការដឹកនាំខេត្តកំពត របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានធ្វើឱ្យវិស័យទេសចរណ៍មានការរីកចម្រើនខ្លាំង ដោយរក្សាបាននូវសម្បត្តិធម្មជាតិដែលជាធនធានសម្រាប់បម្រើដល់វិស័យទេសចរណ៍ ព្រមទាំងបានបង្កើតឱ្យមានសមិទ្ធិផលទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀត៕
ដោយ ៖ សិលា សារិន


