លោក Trump ក្លាយជាបេក្ខភាពទទួលពានរង្វាន់ណូបែលសន្តិភាព ក្រោយជួយឲ្យមានបទឈប់បាញ់អ៊ីស្រាអែល-អ៊ីរ៉ង់
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានក្លាយជាបេក្ខភាព ទទួលពានរង្វាន់ណូបែលសន្តិភាព ក្រោយជួយឲ្យមានបទឈប់បាញ់ រវាងអ៊ីស្រាអែល-អ៊ីរ៉ង់ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The News York Post។
តាមរយៈលិខិតមួយ ផ្ញើទៅកាន់គណៈកម្មាធិការណូបែលន័រវេស Norwegian Nobel Committee លោក Buddy Carter សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ បានរៀបរាប់ពីតួនាទី ដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្ររបស់លោក ក្នុងការឈានទៅដល់ការបញ្ចប់ជម្លោះប្រដាប់អាវុធ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយចាត់ទុក លោកប្រធានាធិបតី ទើបឈានដល់វ័យ ៧៩ឆ្នាំរូបនេះថា ជាអ្នកការពារ ទប់ស្កាត់អំពើភេរវកម្ម ដ៍សាហាវបំផុត នៅលើភពផែនដី។
គួរបញ្ជាក់ថា សមាជិកសភាជាតិ, សាស្ត្រាចារ្យសាកលវិទ្យាល័យ និងអ្នកផ្សេងទៀត អាចដាក់ការតែងតាំង សម្រាប់ពានរង្វាន់នេះ។ ប៉ុន្តែ លោក Trump ខ្លួនឯង បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនរំពឹងថា នឹងឈ្នះពានរង្វាន់នេះទេ។ លោក Trump បានសរសេរ កាលពីថ្ងៃសុក្រ នៅលើ Truth Social លើកឡើងពីគុណសម្បតិ្ត ដែលគួរទទួលបានពានរង្វាន់នេះ ចន្លោះ ពី៤ ទៅ៥ ដង
ដូចជា ការជួយសម្រុះសម្រួលបញ្ហានៅ កុងហ្គោ, បញ្ឈប់សង្គ្រាមរវាងឥណ្ឌា និងប៉ាគីស្ថាន, សង្គ្រាមរវាងស៊ែប៊ី និងកូសូវ៉ូ ដែលលោកចង់ សំដៅលើតាំងអាណត្តិដំបូង របស់លោក ជាដើម។
លោក Trump កាលពីល្ងាចថ្ងៃច័ន្ទ បានប្រកាសបទឈប់បាញ់ រវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ហើយបានស្នើដាក់ឈ្មោះ ជម្លោះនេះថា «សង្រ្គាម ត្រឹម១២ថ្ងៃ»។ ជាការប្រកាស នៅក្រោយពីរថ្ងៃ បន្ទាប់ពី លោកបញ្ជាឱ្យសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី កន្លែង។
គួរបញ្ជាក់ថា អាមេរិកធ្លាប់មានប្រធានាធិបតី ក្នុងមុខតំណែង បីនាក់ បានឈ្នះរង្វាន់ណូបែលសន្តិភាព រួមមាន អតីតប្រធានាធិបតីសាធារណរដ្ឋ Teddy Roosevelt ក្នុងឆ្នាំ១៩០៦ សម្រាប់ការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងជប៉ុន ព្រមទាំង ពីរ រូបទៀត គឺ អតីតប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ គឺលោក Woodrow Wilson ក្នុងឆ្នាំ១៩១៩ និង លោក Barack Obama ក្នុងឆ្នាំ២០០៩៕
ប្រភពពី The News York Post ប្រែសម្រួល៖ សារ៉ាត