អាមេរិកធ្វើតេស្តជោគជ័យប្រព័ន្ធចាប់សញ្ញាមីស៊ីលចិន និងរុស្ស៊ី ត្រៀមបំពាក់លើខែល Golden Dome
វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកទើបទទួលជោគជ័យ ក្នុងការសាកល្បងប្រព័ន្ធរ៉ាដារយៈចម្ងាយឆ្ងាយក្នុងរដ្ឋអាឡាស្កា ដែលអាចរកឃើញការគំរាមកំហែងដោយមីស៊ីលពីរុស្ស៊ី ឬចិន ហើយថ្ងៃណាមួយអាចបម្រើជាឧបករណ៍ចាប់សញ្ញានៅក្នុងប្រព័ន្ធខែលការពារមីស៊ីល Golden Dome របស់សហរដ្ឋអាមេរិក។
មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារ បានលើកឡើងថា រ៉ាដាចាប់សញ្ញាគ្រប់ប្រភេទរយៈចម្ងាយឆ្ងាយ ហៅកាត់ (LRDR) បានទទួលជោគជ័យ ក្នុងការតាមដាន និងរាយការណ៍ពីទិន្នន័យគោលដៅមីស៊ីល។
ទាំងនេះគឺជាកិច្ចការសំខាន់សម្រាប់គម្រោង Golden Dome តម្លៃ ១៧៥ពាន់លានដុល្លារ ដែលមានគោលបំណងការពារ បានទាំងអាមេរិក និងសម្ព័ន្ធមិត្តប្រឆាំងជាមួយមីស៊ីលបាលីស្ទិក។
ទីភ្នាក់ងារការពារមីស៊ីលអាមេរិក (MDA) រួមជាមួយកងកម្លាំងអវកាសអាមេរិក និងបញ្ជាការខាងជើងអាមេរិក បានធ្វើការសាកល្បងនេះ នៅស្ថានីយ៍កងកម្លាំងអវកាស Clear ក្នុងរដ្ឋអាឡាស្កា កាលពីថ្ងៃទី២៣ ខែមិថុនា។
រ៉ាដារយៈចម្ងាយឆ្ងាយ (LRDR) របស់ក្រសួងការពារជាតិអាមេរិក នៅតំបន់អាឡាស្កាភាគកណ្តាលនោះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Lockheed Martin ដែលជាផ្នែកមួយនៃប្រព័ន្ធការពារមីស៊ីលមានមូលដ្ឋានលើដីគោកដែលមានស្រាប់។
ប្រព័ន្ធនេះបង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃឧបករណ៍ស្ទាក់ចាប់ ដែលមានមូលដ្ឋាននៅរដ្ឋអាឡាស្កា និងកាលីហ្វ័រញ៉ា ដែលបច្ចុប្បន្នកំពុងរង់ចាំការបាញ់ទម្លាក់មីស៊ីលដែលចូលមកទឹកដីអាមេរិក ដោយអ៊ីរ៉ង់ ឬកូរ៉េខាងជើង។
យ៉ាងណា ដោយមានការបំផុសគំនិតពីប្រព័ន្ធខែលការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល, គម្រោង Golden Dome ប្រឈមមុខនឹងការត្រួតពិនិត្យផ្នែកនយោបាយ និងភាពមិនច្បាស់លាស់ជាច្រើននៃការផ្តល់មូលនិធិ ដោយសារគម្រោងនេះត្រូវចំណាយដ៏ច្រើនសន្ធឹកសន្ធាប ខណៈប្រព័ន្ធខែលនេះ ត្រូវបានរំពឹងថា នឹងដាក់ដំណើរការនៅខែមករា ឆ្នាំ២០២៩៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា