សម្ដេចធិបតី ៖ កន្លងទៅ ពលរដ្ឋរាយការណ៍ជិត ១៤០០ករណី ដែលបញ្ជាក់ពីការចូលរួមសហការប្រយុទ្ធនឹងគ្រឿងញៀន
(ភ្នំពេញ)៖ កន្លងទៅ ពលរដ្ឋបានរាយការណ៍ជិត ១៤០០ ករណី ដែលបញ្ជាក់ឱ្យឃើញពីការចូលរួមសហការគ្នា រវាងពលរដ្ឋនិងកម្លាំងអនុវត្តច្បាប់ក្នុងការយកបញ្ហាគ្រឿងញៀន ចេញពីសហគមន៍ ។ នេះបើតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។
សម្ដេចធិបតី បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពូនជ្រំបន្តរក្សាកេរដំណែល គោលនយោបាយដ៏មុតស្រួចរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភាកម្ពុជា គឺការតម្កល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បង រួមនឹងមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» តាមរយៈការដាក់ចេញ នូវវិធានការ មុតស្រួចដូចជា គោលការណ៍ «សម្អាតផ្ទះយើង» និងគោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង» ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងគំរូ នៃការអនុវត្តច្បាប់។
សម្ដេចធិបតី បន្តថា លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រថ្មីៗជាច្រើន ដើម្បីកៀរគរឱ្យសង្គមជាតិទាំងមូល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសម្អា និងយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។ ជាក់ស្តែង នៅឆ្នាំកន្លងទៅ ការចូលរួមលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ត្រូវបានចូលរួមយ៉ាងសកម្ម ផុសផុលពីសំណាក់យុវជន យុវនារី សិស្ស និស្សិត កម្មករ កម្មការិនី សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនី ដែលទាំងនេះ បង្កើតបានជាចលនាជាតិ និងស្មារតីរួមមួយ ដែលដាស់ស្មារតីដល់យុវវ័យកម្ពុជាគ្រប់រូប មានជំនឿមុតមាំថា ខ្លួននឹងមិនធ្លាក់ក្នុងអន្ទាក់ភ្នក់ភ្លើង នៃគ្រឿងញៀនជាដាច់ខាត ដើម្បីជាការកសាងមូលធនមនុស្សរឹងមាំ សម្រាប់អភិវឌ្ឍសង្គមជាតិ ។
ជាមួយនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា ក៏បានពង្រឹងការធ្វើ បរិវត្តកម្មឌីជីថល យ៉ាងសកម្មផុសផុល ដោយក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើតជា ផ្ទាលឌីជីថលដ៏មានសារៈសំខាន់មួយ គឺកម្មវិធីទូរស័ព្ទដៃ NoDrug ដែលជាវិធីសាស្ត្រអប់រំបែបឌីជីថល ទាន់សម័យ និងជាបណ្តុំនូវមេរៀន ខ្លឹមសារ និងព័ត៌មាន ពាក់ព័ន្ធនឹងគ្រឿងញៀន ជាពិសេស ក៏ជាមធ្យោបាយ រាយការណ៍ដ៏មានប្រសិទ្ធភាព ២៤ ម៉ោង និងរក្សាការសម្ងាត់ សម្រាប់ប្រជាពលរដ្ឋជូនដំណឹងអំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ដោយកន្លងទៅ ប្រជាពលរដ្ឋ បានរាយការណ៍ជិត ១៤០០ករណី ហើយសមត្ថកិច្ចមូលដ្ឋាន បានសហការដោះស្រាយបង្ក្រាបបាន ជិត ១២០០ ករណី ដែលនេះសបញ្ជាក់ឱ្យឃើញពីការចូលរួមសហការគ្នា រវាងប្រជាពលរដ្ឋ និងកម្លាំងអនុវត្តច្បាប់ ក្នុងការយកបញ្ហាគ្រឿងញៀន ចេញពីសហគមន៍។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាវិធានការបង្ការ ទប់ស្កាត់ និងអប់រំ ជាទិសដៅអាទិភាពក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន ក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏មិនមានការបន្ធូរបន្ថយដល់វិធានការអនុវត្តច្បាប់នោះដែរ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការ យ៉ាងសស្រាក់សស្រាំក្រោមស្មារតីមោះមុតជាទីបំផុត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី និងបានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅតុលាការ និងបានចាត់វិធានការយ៉ាងតឹងរ៉ឹង ក្នុងការត្រួតពិនិត្យ ទប់ស្កាត់លំហូរចូលគ្រឿងញៀនពីបរទេស ទាំងតាមមធ្យោបាយផ្លូវគោក ទឹក អាកាស និង បញ្ញើប្រៃសណីយ៍ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គោលការណ៍រួម របស់រាជរដ្ឋាភិបាលកម្ពុជា គឺសំដៅធ្វើយ៉ាងណា ខិតខំបញ្ចៀសឱ្យបាន មិនឱ្យកម្ពុជា ក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យបញ្ហាគ្រឿងញៀន ជះឥទ្ធិពលបំផ្លិចបំផ្លាញដល់ សង្គមជាតិ ដោយត្រូវធ្វើយ៉ាងណា កាត់ផ្តាច់ការប្រើប្រាស់គ្រឿងញៀន ក្នុងសហគមន៍ តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឱ្យបានដល់ឫសគល់ នៃបញ្ហាគ្រឿងញៀន ដោយឈរលើទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន ៕
ដោយ ៖ វណ្ណលុក



