សម្ដេចនាយករដ្ឋមន្ត្រី អំពាវនាវ និងណែនាំឱ្យរួមផ្សព្វផ្សាយ អប់រំ អំពីវិនាសកម្មនៃគ្រឿងញៀន និងការប្រកាន់គោលជំហរ ដាច់ខាតមិនពាក់ព័ន្ធគ្រឿងញៀន
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវ និងណែនាំឱ្យរួមផ្សព្វផ្សាយ អប់រំ អំពីវិនាសកម្មនៃគ្រឿងញៀន និងការប្រកាន់គោលជំហរមិនពាក់ព័ន្ធនឹងគ្រឿងញៀនពេញមួយជីវិត ។ នេះបើតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។
សម្ដេចធិបតី បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពុំអាចចាត់ទុកជាសមត្ថកិច្ចផ្តាច់មុខរបស់ស្ថាប័ន ឬអង្គភាព ណាមួយឡើយ ប៉ុន្តែគឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋកម្ពុជា យើងទាំងអស់គ្នា ដែលយើងម្នាក់ៗសុទ្ធតែ មានភារកិច្ចរៀងៗខ្លួន តាមរយៈការចូលរួមផ្សព្វផ្សាយ អប់រំ អំពីវិនាសកម្មនៃគ្រឿងញៀន និងការប្រកាន់គោលជំហរ ដាច់ខាតពេញមួយជីវិត គឺមិនពាក់ព័ន្ធនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ក្នុងន័យនេះ ការចូលរួមពី គ្រប់វិស័យទាំងអស់ ដូចជាវិស័យអប់រំ សាសនា វប្បធម៌ កីឡា សិល្បៈ ទាំងរដ្ឋនិងឯកជន រួមទាំងអង្គការជាតិ និងអន្តរជាតិនានា គឺពិតជាកម្លាំងចលករដ៏ខ្លាំងក្លាមួយ មិនអាចខ្វះបាន ដែលជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជោគជ័យជាផ្លែផ្កា ក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ ។
ជាមួយគ្នានេះ សម្ដេចធីបតី បានធ្វើការអំពាវនាវ និងណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចំនួន ៩ចំណុច ដើម្បីឆ្លើយតបទៅនឹងអត្ថន័យនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» រួមមាន៖
១. បន្តស្មារតីរួមនិងចលនាជាតិមួយក្នុងការចូលរួមផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយដល់គ្រប់ មជ្ឈដ្ឋានទូទាំងប្រទេស អំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន និងបង្កើនភាពជឿជាក់សម្រាប់រាល់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបថា «មួយជីវិតគឺមិនពាក់ព័ន្ធនឹងគ្រឿងញៀន»។
២. លើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជននិងយុវនារី ទាញយកនិងប្រើប្រាស់កម្មវិធី ទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបណ្ដុំនៃមេរៀន សារអប់រំ ព័ត៌មាន សេវា ព្យាបាលនិងស្តារនីតិសម្បទា ជាពិសេស ជាមធ្យោបាយរាយការណ៍ដ៏រហ័សនិងសម្ងាត់អំពីករណីប្រើប្រាស់និង ចែកចាយគ្រឿងញៀនក្នុងសហគមន៍។ ការប្រើប្រាស់ App NoDrug គឺស្មើនឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
៣. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តធ្វើជាគំរូនៃភាពស្អាតស្អំ និងអភិបាលកិច្ចល្អ តាមរយៈការធ្វើតេស្តរកសារធាតុញៀន ចំពោះមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ និងមាន វិធានការម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ព្រមទាំងលើកទឹកចិត្តដល់វិស័យឯកជននានាដែលស្ម័គ្រចិត្តចូលរួមអនុវត្តបទបញ្ជានេះ។
៤. អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន កាត់ផ្តាច់ ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន ជាពិសេស ទប់ស្កាត់ខ្សែរយៈចែកចាយទៅក្នុងសហគមន៍ និងជនបទ ដោយឈរលើគោលការណ៍ «៣កុំ ១រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង ត្រូវរាយការណ៍។
៥. រដ្ឋបាលរាជធានី ខេត្ត ត្រូវម្ចាស់ការ លើការងារផ្សព្វផ្សាយអប់រំ ដោយត្រូវបញ្ជាបការអប់រំ អំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ឱ្យចំគោលដៅហានិភ័យនៅក្នុងមូលដ្ឋានតាមក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង ភូមិ និងរៀបចំរបៀបរៀបរយសណ្តាប់ធ្នាប់ បរិវេណជុំវិញសាលារៀនឱ្យបានល្អប្រសើរ ដោយគ្មានការប្រើប្រាស់គ្រឿងញៀន។
៦. លើកទឹកចិត្តឱ្យវិស័យឯកជនទាំងអស់ ចូលរួមវិនិយោគ ជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ ការផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព។
៧. លើកទឹកចិត្តឱ្យគ្រប់ព្រឹត្តិការណ៍នានា ដូចជាព្រឹត្តិការណ៍ សិល្បៈ តន្ត្រី កីឡា វប្បធម៌ និងសាសនា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា សូមឱ្យមានបង្កប់សារដាស់តឿន និងអប់រំឱ្យប្រជាពលរដ្ឋជៀសឆ្ងាយពីគ្រឿងញៀន។
៨. លើកទឹកចិត្ត មាតា បិតា អាណាព្យាបាល និងសាមីខ្លួនអ្នកញៀន ត្រូវមានស្មារតីរឹងមាំក្លាហាន ក្នុងការទទួលយកសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលនិង/ឬមណ្ឌលរដ្ឋនិង ឯកជន ដើម្បីចូលរួមកសាងធនធានមនុស្សឡើងវិញសម្រាប់សង្គមជាតិ។
៩. ផ្សព្វផ្សាយ អប់រំ និងណែនាំឱ្យបានទូលំទូលាយដល់សិស្សានុសិស្ស កុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក វេប ស៊ីហ្សា ដែលអាចប៉ះពាល់ដល់សុខភាពនិងប្រព័ន្ធប្រសាទរបស់យុវវ័យដែលជាទំពាំងស្នងឫស្សី ៕
ដោយ ៖ វណ្ណលុក



