ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវដល់ពាណិជ្ជករ បន្តប្រមូលទិញដំឡូមី ពីបងប្អូនកសិករ ហើយធនាគារ ARDB បន្តគាំទ្រផ្នែកឥណទាន

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ​និង​កសិកម្ម (ធនាគារ ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ​កសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហមដោយផ្តោតជា​ចម្បង​លើកិច្ចពិភាក្សាពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី-ពោតក្រហមជាមួយ​ក្រុម​កសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តា​ខេត្ត​មួយ​ចំនួនរួមមាន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ជាដើម។ ពិធីសំណេះសំណាលនេះ បានសហការរៀបចំ​ឡើង​ដោយ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ ដោយមានអ្នកចូលរួមពីក្រុមកសិករ​ផលិត និងពាណិជ្ជករប្រមូលទិញប្រមាណជាង ១២០ រូប។

ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ) ជាមួយផលសេដ្ឋកិច្ច​ប្រមាណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ និងពោតក្រហមប្រមាណជាង ២៨ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១ លានតោន ) ជាមួយផលសេដ្ឋកិច្ច​ប្រមាណជាង ២00 លានដុល្លារ។ ដំឡូងមីត្រូវបានដាំដុះនាដើមរដូវចាប់ពីខែមីនា និងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជារៀងរាល់ឆ្នាំ។ ដោយឡែក ពោត​ក្រហម​ត្រូវបានដាំដុះចាប់ពីខែមេសា ជាបន្តបន្ទាប់ និងប្រមូលផលចាប់ពីខែកក្កដា។

នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនអំពីការយកចិត្តទុកដា​ក់​ខ្ពស់​បំផុតរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្តែងបាន​ដាក់​ចេញជាបន្តបន្ទាប់នូវកម្មវិធីហិរញ្ញប្បទានពិសេស ជាបន្តបន្ទាប់នាពេលកន្លងមក សម្រាប់ប្រមូលទិញស្រូវ និងកសិផលមូយចំនួនផ្សេងទៀតពីប្រជាកសិករ​នាពេល​រដូវ​ប្រមូលផលធំជារាងរាល់ឆ្នាំ។

ចំពោះដំណាំដំឡូងមី និងពោតក្រហម, ឯកឧត្តមបណ្ឌិត កៅ ថាច បាន អំពាវនាវ​ដល់ពាណិជ្ជករ/ ឈ្មួញបន្តប្រមូលទិញដំឡូមីពីបងប្អូនកសិករ ហើយធនាគារ ARDB បន្តគាំទ្រផ្នែកឥណទាន។ ដើម្បីដោះស្រាយ​កង្វល់កង្វះទ្រព្យ​ធានា​បំណុលដោយបានប្រើប្រាស់ជាមួយគ្រឹះស្ថានធនាគារឯកជនអស់ហើយនោះ, ឯកឧត្តមបណ្ឌិតបានផ្តល់ជាជម្រើសដំណោះស្រាយតាមរយៈ (១) យន្តការ កិច្ចសន្យាត្រីភាគីលើប្រតិបត្តការទិញលក់ដំឡូងមី-ពោត (ឈ្មូញប្រមូលទិញ- ក្រុមហ៊ុននាំចេញ – ធនាគារ ARDB) ហើយលំហូរសាច់ប្រាក់ទូទាត់លើ​ការ​ប្រមូលទិញដំឡូងមី-ពោត ត្រូវធ្វើឡើងតាមរយ: ARDB Mobile App ។ កិច្ចសន្យាទិញលក់រវាងក្រុមហ៊ុននាំចេញ និងពាណិជ្ជករប្រមូលទិញដំឡូមី-ពោត ជាយន្តការជួយសម្រួលបន្ទុកដល់ពាណិជ្ជករ/ឈ្មួញប្រមូលទិញមិនមាន​ទ្រព្យធានាបំណុល ក្នុងការទទួលបានឥណទានពី ធនាគារ ARDB។ និង (២) យន្តការយកសន្និធិដំឡូង និងពោតក្រហមស្ងួតដើម្បីធ្វើជាទ្រព្យធានាឥណទាន (ទំហំឥណទាន ៧០% នៃតម្លៃសន្និធិ) ដោយតម្រូវឱ្យមានកិច្ចសន្យាទិញ-លក់ច្បាស់លាស់ជាមួយក្រុមហ៊ុននាំចេញ និងឬក្រុមហ៊ុនកែច្នៃ។

ឯកឧត្តមបណ្ឌិត កៅ ថាច បាន អំពាវនាវដល់បងប្អូនប្រើប្រាស់រូបិយវត្ថុជាតិ​គឺប្រាក់​រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផលនៅតាមមូលដ្ឋានរាងៗខ្លួនដើម្បីកាត់​បន្ថយ​នូវហានិភ័យនៃអត្រាប្តូរប្រាក់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner