ការប្រកួតពានរង្វាន់អុកចត្រង្គ. បេតង់ និងមុខម្ហូបរបស់មន្ត្រីសាលាខេត្តសៀមរាប
នាចុងសប្តាហ៍ថ្ងៃ សៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប មានធ្វើការប្រកួតពានរង្វាន់ (អុកចត្រង្គ , បេតង់ និង មុខ ម្ហូប ) ដែលរៀបចំឡើងដោយមន្ត្រីសាលាខេត្តសៀមរាប ក្រោមវត្តមានចូលរួមរបស់ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត និងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ។
ឆ្លងតាមការប្រកួតទៅតាមវិញ្ញាសារទាំងបី ក្នុងនោះយើងសង្កេតឃើញពីសកម្មភាពនៃការប្រកួតប្រជែងទៅលើវិញ្ញាសារ អុកចត្រង្គ និង កីឡាបេតង់ (បួល ) បានធ្វើការប្រកួតយ៉ាងស្វឹតស្វាញ ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់កីឡាករ ដោយមានការប្រើ នូវបញ្ញា ស្មារតី និង បច្ចេកទេសខ្ពស់ក្នុងការប្រកួត ដើមី្បដណ្តើមយកពានរង្វាន់រដ្ឋបាលសាលាខេត្តសៀមរាបប្រចាំឆ្នាំ២០១៩ ។
ក្នុងការប្រកួតទាំងបីវិញ្ញាសារនេះ ចំពោះវិញ្ញាសារ អុកចត្រង្គ និងកីឡាបេតង់ គឺ នៅមិនទាន់បានរកឃើញក្រុមឈ្នះនៅឡើងទេ គឺត្រូវបន្តនៅពេលសប្តាហ៍ក្រោយទៀត ។ រីឯការប្រកួតធ្វើម្ហូប ត្រូវបានគណៈកម្មការ ធ្វើការវិនិច្ឆ័យទៅតាមការដាក់ពិន្ទុ ពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានភ្លក់ម្ហូបទាំងនោះ តាមរយៈសន្លឹកឆ្នោត ។ ក្នុងម្ហូបទាំង៦ក្រុមនេះ គឺជ័យលាភីពានរង្វាន់ ក្នុងការធ្វើម្ហូមប្រចាំឆ្នាំ២០១៩នេះ បានទៅក្រុមទី១ ដែលមានមុខម្ហូបឈ្មោះ ( បុកត្រប់ហោះ) ដែលទទួលបានសន្លឹកឆ្នោតច្រើនជាង គេ ។
ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា ការជួបជុំនៃមហាគ្រួសារមន្ត្រីសាលាខេត្តសៀមរាបនាថ្ងៃនេះ គឺជាការ លើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ឲ្យចេះរួមសហការគ្នា សាមគ្គីគ្នា ជាគ្រួសារមន្ត្រីតែមួយ ដើមី្បបំពេញភារកិច្ចជូនជាតិមាតុភូមិ ក៏ ដូចជាកិច្ចអភិវឌ្ឍន៍ខេត្តប្រវត្តិសាស្ត្រសៀមរាប កាន់តែមានភាពរីកចម្រើនឡើងថែមទៀត ។ ឯកឧត្តមបានបន្តទៀតថា លទ្ធផលដែល យើងទទួលបានមកនេះ ក៏ផ្តើមចេញពីគោលនយោបាយឈ្នះ របស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព ពេញ ផ្ទៃប្រទេស ។ ម៉្យាងទៀតការជួបជុំបងប្អូនមន្ត្រីរាជការ ទាំងមន្ត្រីចូលនិវត្តន៍នាឱកាសនេះ ក៏ជាការរំលឹកនូវវីរៈភាពរបស់ពូ មីង បងៗ ទាំងអស់ ដែលជារៀមច្បងបានបន្សល់ទុកនូវស្មាដៃ សមិទ្ធិផលជាច្រើនសម្រាប់ជាតិមាតុភូមិ ហើយក៏ជាគំរូដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់ទៀតផង ។
ដូច្នេះនៅឆ្នាំបន្ត យើងនឹងជ្រើសរើសនូវវិញ្ញាសារប្លែកៗទៀត ដើមី្បយកមកធ្វើការប្រកួតប្រជែង រកនូវក្រុមឆ្នើមៗ ពីមន្ត្រី នៃសាលាខេត្តសៀមរាប ហើយក៏ជាប្រពៃណីមួយ ដែលយើងជាថ្នាក់ដឹកនាំមិនអាចកាត់ផ្តាច់បានឡើងនូវភាពផ្សាភ្ជាប់ជាមួយថ្នាក់ក្រោម និងមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅពេលអនាតគ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប