ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់គោលការណ៍លើកទឹកចិត្ត​ពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ចចំនួន ៣៥ គម្រោង បន្ថែមទៀត ក្រោម​ទុនវិនិយោគ ៣២៧ លានដុល្លាររអាមេរិក

(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រជុំពិភាក្សា​លើគម្រោងវិនិយោគ និង ធុរកិច្ច ដែលស្នើការលើកទឹកចិត្តពិសេស ដោយបាន​សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ចំនួន ៣៥ គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ២២, គម្រោង​ថ្មី ចំនួន ១២, និង គម្រោងមានស្រាប់ ចំនួន ១ ដែលមានទុនវិនិយោគប្រមាណ ៣២៧ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៣ ៣៦៣ កន្លែង ។ គម្រោងទាំង ៣៥ នោះ មានជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិ​សេស​, គម្រោងបង្កើតសួនឧស្សាហកម្ម, រោងចក្រកែច្នៃចំណីសត្វ, រោងចក្រផលិតសម្ភារៈ​ប្រើប្រាស់ក្នុងផ្ទះ, គម្រោងសណ្ឋាគារ, គម្រោងផ្ទះលំហែ និង អគារពាណិជ្ជកម្ម ។ ផ្អែកតាមតួលេខនេះ, ក្រុមការងារបានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន ១១៨ គម្រោង សម្រាប់ឆមាសទី ១ ឆ្នាំ២០២៥ ក្នុងនោះអគារជាប់គាំងចំនួន ៥១ គម្រោង​, គម្រោងវិនិយោគថ្មី ចំនួន ៥៤ គម្រោង, គម្រោងពង្រីក ចំនួន ៨ គម្រោង និង គម្រោងមានស្រាប់ ចំនួន ៥ គម្រោង ។

កិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ជាកិច្ចប្រជុំលើកទី ១៧ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញរបស់ក្រសួង​ស្ថាប័ន ។ ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បាន​គូសរំលេចថា តាមរយៈយន្តការ “ថែរក្សាអ្នកចាស់ និង ស្វែងរកអ្នកថ្មី” និង ការដោះ​ស្រាយបញ្ហាជាកញ្ចប់, ក្រុមការងារ និង រដ្ឋបាលខេត្ត បានរៀបចំវេទិការវាងរដ្ឋ និង វិស័យឯកជន នៅខេត្តព្រះសីហនុ ដើម្បីស្តាប់សំណូម-ពរ និង ដោះស្រាយការលំ​បាក រួមទាំងការជំរុញ និង ការសម្រួលនានា ដើម្បីផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ថា កិច្ចការដែលក្រុម​ការ​ងារ​​កំពុងអនុវត្តនាពេលបច្ចុប្បន្ន គឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយ​រាជរដ្ឋាភិបាល ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដែលមានសហថាមពល​ព្រម​គ្នា និង មានសង្គតិភាពជាមួយគ្នា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ស្របពេលដែលប្រទេស​កំពុង​ជួបប្រទះបញ្ហាប្រឈមខាងក្រៅ ក្រុមការងារត្រូវបន្តកិច្ចខិតខំប្រឹងប្រែងទ្វេដង និង រួមគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារតាមកាតព្វកិច្ចរៀងៗខ្លួន ក្នុងស្មារតី​ឧត្តម​ប្រ​យោជន៍ជាតិ ដើម្បីប្រែក្លាយ “បញ្ហាប្រឈម” ទៅជា “កាលានុវត្តភាព” តាមរយៈ​ការផ្តល់កិច្ចសហការខ្ពស់ និង សម្របសម្រួលផ្តល់សេវាដល់ម្ចាស់គម្រោង ដោយ​រលូន និង រហ័ស ដូចជា ការផ្តល់លិខិត អនុញ្ញាត អាជ្ញាបណ្ណ និង វិញ្ញាបនបត្រ ជា​ដើម ដើម្បីឱ្យម្ចាស់គម្រោងអាចដំណើរការគម្រោងបាន និង ចូលរួមបង្កើតការងារ​ជូនប្រជាពលរដ្ឋ ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានដាក់ចេញ “កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញសម្ទុះសេដ្ឋកិច្ច និង បង្កើតការងារជូនប្រជាពលរដ្ឋ ព្រមទាំង​កែប្រែមុខមាត់ខេត្តព្រះសីហនុ ។ បច្ចុប្បន្ន, ខេត្តព្រះសីហនុ មានសន្តិសុខ សណ្តា​ប់​ធ្នាប់ និង បរិយកាសវិនិយោគល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និង ភ្ញៀវ​ទេសចរ ក្នុងចំនួនច្រើន និង ច្រើនជាតិសាសន៍ សមស្របជាមជ្ឈមណ្ឌលនៃការ​អភិ​វឌ្ឍ​ពហុបំណង និង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹក​ចិត្ត​ឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុង​ខេត្ត​ព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹក​ចិត្ត​ផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធ​ការវិនិយោគ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារ​មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជ​ធា​នី​ភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner