រដ្ឋមន្រ្តីការងារបានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធគោរព​សិទ្ធិ​សេរី​ភា​ព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់​របស់ពលករ​ទេសន្តរ​ប្រវេស​ន៍

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគី​ពាក់​ព័ន្ធទាំងអស់ចូលរួមការពារ គោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗ​ដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ដើម្បីរួមចំណែកក្នុងការលើក​​​​កម្ពស់​សិទ្ធិមនុស្សជាសកល។

ការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសចុះហត្ថលេខា​លើ​អនុ​ស្ស​រណៈនៃការយោគយល់គ្នា(MoU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំ​កម្ពុជា ដើម្បីពង្រឹងលើវិស័យការងារ ជាពិសេសពលករទេសន្តរប្រវេសន៍នៅកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ មានប្រសាសន៍ថា ពលករទេសន្តរប្រវេសន៍មិនត្រឹមតែ​ផ្ដល់​​អត្ថប្រយោជន៍ដល់ប្រទេសរបស់ខ្លួននោះទេ ប៉ុន្ដែប្រទេសដែលទទួលបាន​ពលករ​ទេសន្តរប្រវេសន៍ក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនផងដែរ។

ឯកឧត្តមបញ្ជាក់ថា៖«សូមដៃគូអភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ ផ្ដល់ភាពកក់ក្ដៅ ផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករ​ទេសន្តរ​ប្រវេសន៍ ហើយយកចិត្តទុកដាក់លើការគោរពសិទ្ធិសេរីភាព និងការសម្រេចចិត្ត​របស់​​ពលករ​ទេសន្តរប្រវេសន៍ ថាតើពួកគាត់មានបំណងចង់ស្នាក់នៅ ឬក៏ពួកគាត់​ចង់​ចាកចេញ​ពីសាមីប្រទេសនោះ។ ដូចនេះក្នុងនាមរាជរដ្ឋាភិបាល យើងត្រូវតែ​ការពារ និងគោរពសិទ្ធិសេរីភាពរបស់ពួកគាត់ឱ្យបានពេញលេញ ហើយយើងមិនគួរ​ប្រើប្រាស់​សកម្មភាពខុសច្បាប់ណាមួយរារាំងការមកប្រទេសកំណើតពួកគាត់​វិញ​នោះទេ»។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើន​ឆ្នាំមកហើយ ដូច្នេះកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់​លើ​ការគោរពសិទ្ធិសេរីភាពពលករទេសន្តរប្រវេសន៍។ បើទោះបីជាកម្ពុជាកំពុងមមាញឹក​ក្នុង​ការគ្រប់គ្រងស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃក៏ដោយ ប៉ុន្ដែនៅតែផ្ដោត​សំខាន់​លើ​បេសកកម្មតាមរយៈគោលនយោបាយរបស់ក្រសួង និងរាជរដ្ឋាភិបាល។

ចំណែកលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរ​ប្រវេសន៍ (IOM) ប្រចាំកម្ពុជាបានកត់សម្គាល់ឃើញថា កម្ពុជាខិតខំប្រឹងប្រែងយ៉ាង​ខ្លាំងក្នុងការយកចិត្តទុកដាក់លើពលករទេសន្តរប្រវេសន៍ និងរៀបចំគោលនយោ​បាយ​​ជាច្រើន ដើម្បីគាំពារ ផ្ដល់អត្ថប្រយោជន៍ និងការគោរពសិទ្ធិពលករ​ទេសន្តរ​ប្រវេសន៍នៅកម្ពុជា។

លោកស្រីបញ្ជាក់ថា៖«យើងមានការរំភើបរីករាយក្នុងការសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធផ្សេងៗទៀតក្នុងការគាំពារ និង​ការ​គោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា ដោយមិនមានការរើសអើង មិនថា​ពួកគាត់មកពីប្រទេសណា ឬមកពីតំបន់ណានោះទេ»៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner