វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ ដើម្បីដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីដោះស្រាយសំណើ សំណូមពរ​ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឱ្យរដ្ឋបាលខណ្ឌ និង​សង្កាត់ យកទៅពិចារណា ឆ្លើយតប និងធ្វើការកែទម្រង់ក្នុងការអនុវត្តន៍ សកម្មភាពរបស់ខ្លួន ក្នុងការលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ឱ្យកាន់តែល្អប្រសើរ ។

តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺមានការចូលរួមយ៉ាងផុលផុស​ពីសំណាក់អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្រុមប្រឹក្សាសង្កាត់ អង្គការ​សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ដែលជាមោទនភាពនៃក្រុមប្រឹក្សាខណ្ឌចំការមន ទទួលបាននូវមតិយោបល់ សំណួរ និងសំណូមពរ ផ្ទាល់មាត់ ចំនួន២ និងសំណើ សំណូមពរជាលាយលក្ខណ៍អក្សរចំនួន ១១ច្បាប់ ។

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន មានប្រសាសន៍ថា ការចូលរួម​ផ្តល់​មតិយោបល់ សំណួរ និង សំណូមពររបស់ប្រជាពលដ្ឋ បាននាំមកនូវសក្តា​នុពល​ដ៏ធំធេង ធ្វើឲ្យរដ្ឋបាលខណ្ឌ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលរដ្ឋបាលខណ្ឌបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលខណ្ឌយក​ទៅ​ពិចារណា ធ្វើការកែលម្អឡើងវិញ ឲ្យបានសមស្រប តាមសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ។

លោកអភិបាលខណ្ឌ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺយើងទាំង​អស់​គ្នា លើប្រធានបទ ចំនួន២ រួមមាន៖ ១-ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធា​រណៈ ការផ្តល់សេវាសាធារណៈ និង ២-ការងារអភិវឌ្ឍមូលដ្ឋាន និងបរិស្ថាន ។

លោក កៀង ល័ក្ស បន្ថែមថា ក្រុមប្រឹក្សាខណ្ឌ ក៏ដូចជារដ្ឋបាលខណ្ឌទាំងមូល បាន​យកចិត្តទុកដាក់ដល់ការអនុវត្តន៍ នូវគោលនយោបាយ កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោមជាតិ របស់រាជរដ្ឋាភិបាល តាមការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិ ដោយបង្កលក្ខណៈឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ដៃគូ​អភិវឌ្ឍ និងវិស័យឯកជន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍គ្នាទៅវិញទៅ​មក រកឲ្យឃើញនូវឫសគល់នៃបញ្ហា សិក្សាស្វែងយល់ពីតម្រូវការពិតប្រាកដ របស់​ប្រជាពលរដ្ឋ និងរិះរកវិធានការដោះស្រាយឱ្យបាននូវបញ្ហាទាំងនោះ ជូនប្រជាពល​រដ្ឋវិញ ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព ក្នុងនាមជាតំណាងសាធារណៈ ដែល​ទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌ ថានឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេស​ក្នុងនាម​រដ្ឋបាលខណ្ឌ លោកនឹងបន្តធ្វើអោយនូវរាល់សំណូមពរ និងបញ្ហាដែលកើតមាន​ឡើង ដើម្បីសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន ចូលរួមចំណែកដល់បរិស្ថានសង្គម ហើយ​សូមឱ្យប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាក្នុងការទុកដាក់សំរាម និងបញ្ចេញ​សំរាមតាមពេលម៉ោងដែលបានកំណត់ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner