អឺរ៉ុប-អ៊ុយក្រែន បង្កើតតុលាការកាត់ទោសលោក Putin

បរទេស ៖ ប្រទេស អ៊ុយក្រែន និង អឺរ៉ុប បានសហការ បង្កើតតុលាការពិសេសមួយ កាត់ទោសមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដោយលោក Zelensky បានស្នើឲ្យមានសាលាក្តី ផ្តន្ទាទោស ទាំងរូបលោក Putin ពីបទ “ឧក្រិដ្ឋកម្មសង្គ្រាម”។

លោក Zelensky បានចុះហត្ថលេខា ជាមួយអគ្គលេខាធិការ ក្រុមប្រឹក្សាអឺរ៉ុប លើកិច្ចព្រមព្រៀងបង្កើតសាលាក្តីនេះឡើង នៅក្នុងពេលដែលមេដឹកនាំប្រទេសអ៊ុយក្រែន រូបនេះ ចូលរួមកិច្ចប្រជុំកំពូល របស់អង្គការណាតូ នៅទីក្រុងឡាអេ កាលពីថ្ងៃពុធ។

តុលាការពិសេសនេះ នឹងកាត់ទោស លើ “ឧក្រិដ្ឋកម្ម នៃការឈ្លានពាន” ក្នុងការលុកលុយ ពេញលក្ខណៈ ដែលរុស្ស៊ី បានចាប់ផ្តើម ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយតាមទ្រឹស្តី អាចកាត់ទោស ឥស្សរជនជាន់ខ្ពស់ រហូតដល់ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី។

លោក Zelensky បាននិយាយថា «យើងត្រូវបង្ហាញយ៉ាងច្បាស់ នូវការឈ្លានពាន ដែលនាំទៅដល់ការដាក់ទណ្ឌកម្ម ហើយ យើងត្រូវតែធ្វើឱ្យវាកើតឡើងរួមគ្នា អឺរ៉ុប ទាំងអស់»។

លោក Zelensky ក៏បានធ្វើការអំពាវនាវ យ៉ាងអន្ទះសារ សម្រាប់ទំនាក់ទំនងជិតស្និទ្ធ រវាងអឺរ៉ុប និង អាមេរិក។ លោកថា ទំនាក់ទំនងជិតស្និទ្ធ រវាងភាគីទាំងពីរ ក្រោមការដឹកនាំ របស់លោក Donald Trump គឺជាគន្លឹះ ក្នុងការធានាថា ទីក្រុង Kyiv អាចកម្ចាត់ការឈ្លានពាន របស់រុស្ស៊ី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner