គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគម​ធុរកិច្ច​ម៉ាឡេស៊ី-កម្ពុជា (MCBA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅ​វិ​មាន​សន្ដិភាព នារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគមធុរកិច្ច បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ​គណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរព​ជម្រាប​ជូនសម្ដេចបវរធិបតីថា៖ សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបាន​បង្កើត​ឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោ​គិននៃប្រទេសទាំងពីរ។ លោកប្រធានសមាគមក៏បានបន្ថែមថា ក្នុងឱកាសនេះ​លោកបានដឹកនាំគណៈប្រតិភូធុរកិច្ច មកពី ២០ សមាគម ដែលបានចាប់អារម្មណ៍​ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ អប់រំ, សុខាភិបាល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការកែច្នៃផលិតផលកសិកម្ម, សំណង់ និង អចលនទ្រព្យ ជាដេីម។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើន​នៃទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី ជាពិសេសការពង្រីកការតភ្ជាប់រវាងប្រទេសទាំងពីរ។ ជាក់ស្តែង, ក្រុមហ៊ុន Cambodia Airways បានចាប់ផ្តើមជើងហោះហើរត្រង់ ភ្នំពេញ-ប៉េណាំង-ភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា នេះ ចំនួន ២ ជើង ក្នុងមួយ​សប្តាហ៍ បន្ថែមលើជើងហោះហើរដែលមានស្រាប់។

សម្តេចបវរធិបតីបានសម្តែងនូវការរីករាយ និងស្វាគមន៍ចំពោះធុរជន និងវិនិយោគិន​ម៉ាឡេស៊ី ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញនូវវិធាន​ការ​ចាំបាច់​នានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិន ក្នុងនោះរួមមាន ច្បាប់ស្តីពីវិនិយោគ ដែលប្រកបដោយភាពសេរី ជាមួយនឹងការលើក​ទឹកចិត្តជាច្រើន ជាពិសេសលេីវិស័យ SMEs ដែលជាវិស័យគន្លឹះមួយក្នុងការរួម​ចំ​ណែក​ដល់​​ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនោះ, រាជរដ្ឋាភិបាលក៏បាន​ដាក់ចេញនូវវិធានការនានា ដេីម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងអន្តរជាតិផងដែរ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​របស់កម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីគោលនយោបាយ និងការលើក​ទឹក​​ចិត្តនានា ដេីម្បីចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner