រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ការវិនិយោគលើកសិផលមានសក្ដានុពលខ្ពស់ ដូចជា ស្វាយ ចេក និងស្វាយចន្ទី ដែលទាមទារការវិនិយោគកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
(ភ្នំពេញ)៖ ក្នុងជំនួប ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ ដើម្បីពិភាក្សាកាលានុវត្តភាពនៃការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យកសិកម្មកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីការវិនិយោគលើកសិផលមានសក្ដានុពលខ្ពស់មួយចំនួនដូចជាស្វាយ ចេក និងស្វាយចន្ទី ដែលទាមទារការវិនិយោគកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈប្រទេសកូរ៉េមានបទពិសោធន៍លើការងារនេះស្រាប់ សំដៅទទួលបានតម្លៃបន្ថែមខ្ពស់ និងទទួលបានផលចំណេញទាំងអស់គ្នា។
ទាក់ទងនឹងជីកសិកម្ម និងចំណីសត្វ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីកូរ៉េសិក្សាពីការវិនិយោគលើផលិតកម្មនៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច មានគុណភាពខ្ពស់ និងតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយនឹងការនាំចូល។
ឯកឧត្តមរដ្ឋមន្ត្រី ទទួលស្វាគមន៍និងលើកទឹកចិត្តដល់ភាគីកូរ៉េធ្វើការវិនិយោគលើអ្វីដែលជាចំនុចខ្លាំងរបស់កម្ពុជាមានស្រាប់ ដើម្បីទទួលបានជោគជ័យឆាប់រហ័ស និងចំគោលដៅនៃការវិនិយោគពិតប្រាកដ ហើយក្រសួងកសិកម្មនឹងជួយគាំទ្រ តម្រង់ទិសសំដៅផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងជួយប្រជាកសិករក្នុងវិស័យកសិកម្ម៕
ប្រភព ៖ ក្រសួងកសិកម្ម




