សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ សិក្សាលើ​លទ្ធភាព​នៃការធ្វើ​វិសោធនកម្ម​​ដកសញ្ជាតិ​ពលរដ្ឋកម្ពុជា ​ដែលឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ

ព្រះវិហារ៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌សិក្សាលើ​លទ្ធភាព​នៃការធ្វើ​វិសោធនកម្ម​​ដកសញ្ជាតិ​ពលរដ្ឋកម្ពុជា​ដែលឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។សម្ដេចបញ្ជាក់ថា ជាការពិត សម្ដេចមិនចង់​លើក​ពីបញ្ហាជាតិសាសន៍ឯង ខណៈកំពុងមានបញ្ហាជាមួយបរទេសនោះទេ ប៉ុន្ដែមានពលរដ្ឋខ្មែរខ្លះប្រឆាំងជ្រុលពេក មិនគិតផលប្រយោជន៍ជាតិ ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

សម្ដេចតេជោ បានបន្តថា កម្ពុជា បានផ្ញើលិខិតទៅតុលាការអន្តរជាតិរួចហើយ ប៉ុន្ដែបែរជាមានបងប្អូន​ប្រឆាំងមួយចំនួន​ឱ្យបង្ហាញការបោះត្រា ឬការបញ្ជាក់អ្វីជាដើម។

សម្ដេចបញ្ជាក់ថា បងប្អូនប្រឆាំងក៏ប្រឆាំងទៅចុះ ប៉ុន្ដែកុំជ្រុលនិយមពេក។ តុលាការគេមាននីតិវិធីរបស់តុលាការ មិនអាចយកពាក្យបណ្ដឹងណាមួយ ទៅបង្ហាញមុនពេលកាត់ក្ដីទេ មិនថា តុលាការជាតិ ឬអន្តរជាតិ ពីព្រោះបើយើង​ធ្វើមិនស្រួល តុលាការមានសិទ្ធិព្យួរបណ្ដឹងរបស់កម្ពុជាបាន។

ជាមួយនេះ សម្ដេចតេជោ បានចោទជាសំណួរទៅកាន់ពួកប្រឆាំងថា តើអ្នកនៅជាមួយជាតិ ឬអ្នកនៅជាមួយអ្នកផ្សេង ខណៈពេលនេះម៉ោងនេះ កម្ពុជា កំពុងតែមានក្តីក្តាំងជាមួយសត្រូវ ហេតុអ្វីពួកអ្នកទាមទារឲ្យរាជរដ្ឋាភិបាល បង្ហាញភស្តុតាងលើសំណុំរឿងកម្ពុជា ប្តឹងទៅកាន់តុលាការឡាអេ រឿងតំបន់មុំបី ប្រាសាទតាមាន់ តាមាន់តូច និងតាក្របីនោះ?

សម្តេចតេជោ បានប្រាប់ទៅពួកប្រឆាំងទាំងនោះថា រឿងនេះ គឺជារឿងសម្ងាត់របស់តុលាការ ដូច្នេះ រាជរដ្ឋាភិបាល មិនតម្រូវតាមក្រុមប្រឆាំងទាំងនោះ ដើម្បីឲ្យខូចផលប្រយោជន៍ជាតិទាំងមូលនោះឡើយ ។

ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ សូមពិនិត្យមើលការស្នើសុំធ្វើវិសោធន​កម្មច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណា ដែលឃុបឃិតជាមួយបរទេស បំផ្លាញខ្មែរ «ក្បត់ជាតិ» ខណៈមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន កំពុងឃុបឃិតជាមួយប្រទេសប្រឆាំងខ្មែរក្នុង​កាលៈទេសៈវិវាទព្រំដែនជាមួយថៃ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner