សម្ដេចតេជោលើកជាសំណួរថា បើថៃចោទកម្ពុជា ជាអ្នករំលោភលើអធិបតេយ្យរបស់ថៃហេតុអ្វីថៃ មិនប្ដឹង ហើយមិនព្រមឡើងតុលាការជាមួយកម្ពុជា?
ព្រះវិហារ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកជាសំណួរទៅភាគីថៃថា បើថៃចោទកម្ពុជា ជាអ្នករំលោភលើអធិបតេយ្យរបស់ថៃ ហេតុអ្វីថៃ មិនប្ដឹងកម្ពុជាទៅតុលាការអន្ដរជាតិ ហើយហេតុអ្វីថៃមិនព្រមឡើងតុលាការជាមួយកម្ពុជា?។
សម្ដេចតេជោ បន្តថា មានតែអ្នកខ្វះសុចរិតភាពទេដែលខ្លាចតុលាការ។ ដូច្នេះសម្ដេច អំពាវនាវឱ្យអន្ដរជាតិ ជួយតាមដានលើករណីនេះ ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងសង្កថារបស់សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចតែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការផង ដើម្បីស្វែងរកសន្តិភាពកុំឱ្យមានសង្គ្រាមកើតឡើង។ សព្វថ្ងៃនេះ ភាគីថៃ បានពង្រីកជម្លោះនេះ រីករាលដាលលើគ្រប់វិស័យ ។
សម្តេចប្រធានព្រឹទ្ធសភាជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជា នៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោល គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ប៉ុន្តែសម្តេចថា តាមច្បាប់អន្តរជាតិ គឺយកតែតំបន់បួនទេ ដែលនឹងឡើងទៅកាន់ តុលាការឡាអេ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ខណៈតំបន់ផ្សេងៗទៀត នឹងបន្តដោះស្រាយគ្នាទ្វេភាគី ៕
ដោយ៖វណ្ណលុក
