ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោតនឹងធ្វើឡើងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥
(ភ្នំពេញ)៖ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោត ឆ្នាំ២០២៥ នឹងត្រូវធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។ ការបិទផ្សាយត្រូវធ្វើព្រមគ្នានៅ គ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម យិច សមិទ្ធិ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ លុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.បបានឱ្យដឹងថា ៖ ក្នុងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ មិនទាន់បញ្ចប់នៅឡើយទេ។
សម្រាប់ការងារ ដែល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹង បញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាបន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីបោះឆ្នោតក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ.ជ.ប ត្រូវធ្វើការបោះពុម្ព បញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ នីមួយៗ ចំនួន ៣ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រាប់ប្រើប្រាស់ ដូចខាងក្រោម៖បិទផ្សាយ ១ ច្បាប់ នៅតាមសាលាឃុំ សង្កាត់,បិទផ្សាយ ១ ច្បាប់ នៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ និង១ ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
ឯកឧត្តម យិច សមិទ្ធិ បានឱ្យដឹងដែរថាសម្រាប់គោលដៅនៃការផ្សព្វផ្សាយ គឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬនិងប្តឹងជំទាស់ ។
គួរបញ្ជាក់ថា បើផ្អែកតាមលទ្ធផលបណ្តោះអាសន្នក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះ មាន ចំនួន ១០.១៦២.២១០នាក់ ស្មើនឹង ៩០,៥០ ភាគរយ ធៀបនឹង ស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ ក្នុងនោះស្ត្រីមានចំនួន ៥.៣៩៣.២៩៩នាក់។ ដោយឡែកចំពោះ អ្នកចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន ២២៣.៩០៦ នាក់ អ្នកកែតម្រូវទិន្នន័យជីវប្រវត្តិសរុបចំនួន ១.៣៤០.៨៨៧ នាក់ អ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រសរុបចំនួន ២.៥៦២.៤៨៧នាក់ និងមានការិយាល័យបោះឆ្នោតសរុប ចំនួន ២៤.២៣៥ ការិយាល័យ។ ដោយឡែកអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពី បញ្ជីបោះឆ្នោត ដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារ សំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១៦៣.០៣៤នាក់៕





ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក គ្រីសម្បត្តិ