កាកបាទក្រហមកម្ពុជា បន្តចុះបើកវគ្គផ្សព្វផ្សាយស្ដីពី «ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា រួមជាមួយសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ» ជូនដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សហការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបន្តរៀបចំបើកវគ្គផ្សព្វផ្សាយស្ដីពី «ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា រួមជាមួយសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ជូនដល់សាមណនិស្សិត-និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ចំនួន១០០ អង្គ/នាក់ នៃសាកលវិទ្យាល័យបៀលប្រាយ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។
ការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ គឺជាការងារសំខាន់មួយនៃវិស័យអាទិភាពទី៣ នៃយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គឺ វិស័យអាទិភាព លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក៏បានបើកវគ្គផ្សព្វផ្សាយខាងលើនេះ ជូនដល់គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ចំនួន១០០នាក់ផងដែរ ក្រោមវត្តមាន លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ។
បន្ទាប់ពីបានទទួលវគ្គផ្សព្វផ្សាយខាងលើនេះ គរុនិស្សិត និងនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗបន្ថែមពីលើមុខវិជ្ជាជំនាញដែលបានសិក្សានៅគ្រឹះស្ថានសិក្សារបស់ខ្លួន ដែលជារួមមាន៖ ការយល់ដឹងពីប្រវត្តិនៃការបង្កើតចលនាអន្តរជាតិ នៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ចាប់តាំងពីឆ្នាំ១៨៦៣ រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេល១៦២ឆ្នាំមកហើយ ជាពិសេសតួនាទី/ភារកិច្ចរបស់សមាសភាគទាំងបីនៃចលនា គឺ ទី១. គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ហៅកាត់ថា ICRC) ទី២. សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ហៅកាត់ថា IFRC) និងទី៣ សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្ននេះ មាន១៩១សមាគមជាតិ លើសកលលោក ។ ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ក៏បានយល់ដឹងពី លក្ខណៈវិនិឆ្ឆ័យទាំង១០យ៉ាង នៃការទទួលស្គាល់សមាគមជាតិ ជាក់ស្តែងកាកបាទក្រហមកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ ។
ទន្ទឹមនឹងនេះ សិក្ខាកាមបានស្វែងយល់ពីអត្ថន័យនៃគោលការណ៍គ្រឹះទាំង៧របស់ចលនា ដែលរួមមាន (ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព) ដែលគោលការណ៍គ្រឹះទាំងនេះ គឺជាវិន័យនៃអាកប្បកិរិយាដែលម្នាក់ៗត្រូវប្រតិបត្តិ ហើយវិន័យនេះ ជានិច្ចកាល ត្រូវអភិបាលគ្រប់សកម្មភាពទាំងអស់ នៃសមាសភាគរបស់ចលនា ។
សិក្ខាកាម ក៏បានយល់ដឹងពីចំណុចសំខាន់នៃការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម រួមជាមួយមូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលផ្តោតលើអនុសញ្ញាហ្សឺណែវចំនួន៤ និងពិធីសារចំនួន៣, និងចំណេះដឹងស្តីពី សង្គ្រាមក្នុងទីក្រុងផងដែរ ។ បន្ថែមពីនេះ សិក្ខាកាមទាំងអស់ ក៏បានជ្រួតជ្រាបពី ចក្ខុវិស័យ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជាពិសេសសកម្មភាពស្តីពីការរួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ៕





ដោយ / គ្រី សម្បត្តិ