នាយករដ្ឋមន្ត្រីកាណាដាថា លោក Trump ឈប់ចង់លេបយកប្រទេសរបស់ខ្លួន ទៀតហើយ
បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា លោក Mark Carney បានអះអាងថា លោក ប្រធានាធិបតីអាមេរិក Donald Trump លែងចាប់អារម្មណ៍ ចង់លេបយកប្រទេសកាណាដា មកធ្វើជារដ្ឋទី៥១ របស់អាមេរិក ទៀតហើយ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ព័ត៌មាន CNN។
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារព័ត៌មានអាមេរិក មួយនេះ កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា លោក Carney បានប្រាប់ថា លោក Trump កន្លងមក កោតសសើរ ពីប្រទេសកាណាដា ដូច្នេះ ប្រហែលជាមេដឹកនាំអាមេរិករូបនេះ លោភលន់មួយរយៈ ក្នុងការដែលនិយាយថា ចង់យកប្រទេសកាណាដា មកធ្វើជាកម្មសិទ្ធិ របស់អាមេរិក។
ជាមួយគ្នានេះ លោក Carney បានសរសើរលោក Trump សម្រាប់ការជំរុញ កាណាដា ឆ្ពោះទៅរកការចំណាយ លើវិស័យការពារ ជាតិកាន់តែខ្ពស់ ជាពិសេស ការបំពេញតាមស្តង់ដារ ការចំណាយ លើវិស័យការពារជាតិ ក្នុងនាមជា សមាជិកណាតូ។ ត្រង់ចំណុចនេះ លោក Carney អះអាងថា លោកប្រធានាធិបតីកំពុងផ្តោតលើការផ្លាស់ប្តូរ ជាបន្តបន្ទាប់ នៃទំនាក់ទំនងទ្វេភាគី នៅក្នុងក្របខណ្ឌ ណាតូ។
លោក ថែមទាំងអះអាងថា ពេលនេះ លោក Trump កំពុងយកពេលផ្តោតលើ
សន្តិភាពនៅក្នុងតំបន់ ដូចជា បទឈប់បាញ់នៅហ្គាហ្សា ដើម្បីការបន្តឡើងវិញពេញលេញនៃជំនួយមនុស្សធម៌ និង និងការដោះលែងចំណាប់ខ្មាំង
ព្រមទាំង បញ្ហានៅសង្គ្រាមអ៊ីរ៉ង់ ជាដើម ដោយលោកហាក់សរសើរថា សកម្មភាពយោធារបស់អាមេរិក ថ្មីៗនេះ ក៏អាចជាចលនាការទូត ជាមួយអ៊ីរ៉ង់ដែរ។
យ៉ាងណាមិញ នេះមិនមែន ជាលើកទីមួយទេ ដែលធ្លាប់មានការលើកឡើងថា លោក Trump លែងចង់បានប្រទេសកាណាដា តែ ក្រោយមក លោក Trump នៅតែបន្តមានមហិច្ចតានេះ ដដែល។ ជាក់ស្តែង កាលពីថ្ងៃទី ២២ ខែឧសភា លោក Peter Hoekstra ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកាណាដា បានប្រាប់ CNN ថា លោក Trump មិននិយាយអំពី ការប្រែក្លាយកាណាដាទៅជារដ្ឋទី៥១ ទៀតទេ។ តែ នៅប៉ុន្មានថ្ងៃក្រោយមក លោក Trump បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រទេសកាណាដា គួរតែក្លាយជារដ្ឋទី ៥១ ដើម្បីទទួលបានអត្ថប្រយោជន៍ នៃប្រព័ន្ធការពារមីស៊ីល ដែលបានស្នើឡើង ពីសំណាក់ លោក ប្រធានាធិបតី Trump ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត