សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរ វិលមកប្រទេសវិញ ខណៈរាជរដ្ឋាភិបាល ត្រៀមជួយលើការលំបាកនានា ទាំងការរកការងារ និងការបង់ធនាគារ

(ព្រះវិហារ)៖ ថ្លែងចេញពីទឹកដីនៃខេត្ដព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានអំពាវនាវឱ្យពលករខ្មែរ វិលត្រឡប់មកប្រទេសវិញ ខណៈរាជរដ្ឋាភិបាល ត្រៀមជួយសម្របសម្រួល លើការលំបាកនានា ទាំងការរកការងារ និងការបង់ធនាគារ។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមបងប្អូនត្រឡប់មកស្រុក កុំឲ្យគេមើលងាយ នៅស្រុកយើងពេលនេះ ខ្វះកម្លាំងពលកម្មជិត៣០ម៉ឺននាក់ ជាមួយនឹងការត្រៀមទទួលពលករទាំងនោះ ដើម្បីដោះស្រាយការងារធ្វើ និងសម្រួលនូវបញ្ហាដូចជា ការជំពាក់ធនាគារជាដើម ។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សមាគមធនាគារ និងសមាគមហិរញ្ញវត្ថុ បានឆ្លើយតបជាមួយនឹងនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត រួចស្រាប់ទៅហើយ ដើម្បីត្រៀមជួយសម្រួល ឧទាហរណ៍ដូចជា៖ ពន្យាការយកការប្រាក់ ឬក៏ពន្យាការសងជាដើម ទៅតាមករណីនីមួយៗ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពីមុនកម្ពុជា ខ្វះការងារធ្វើមែន ប៉ុន្ដែឥលូវការងារ នៅក្នុងស្រុកច្រើនណាស់ ច្រើនរហូតខ្វះកម្មករទៅហើយ គ្រាន់តែរោងចក្រកាត់ដេរ ខ្វះកម្មករមិនតិចនាក់នោះទេ ហើយប្រជាពលរដ្ឋ ទៅប្រទេសថៃខ្លះធ្វើចំការ ខណៈចំការនៅកម្ពុជា មានច្រើនណាស់ដែលខ្វះកម្មករ ។

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅភាគីថៃថា បើអ្នកខ្លាំង អ្នកដេញកម្មករខ្មែរ ឲ្យត្រឡប់មកកម្ពុជាវិញមក បើសិនជាអ្នកខ្លាំង ព្រោះថា ពេលដេញកម្មករខ្មែរមក គឺក្រឡាក់ចាក់សេដ្ឋកិច្ច របស់អ្នកឯងនោះទេ គឺរោងចក្រ និងកសិដ្ឋានមួយចំនួន នឹងត្រូវបិទ បើអ្នកឯងខ្លាំងសាក-លមើលទៅ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner