សម្តេចតេជោ ហ៊ុន សែន ៖ ថៃ និយាយថា កម្ពុជា បន្តប្រើប្រាស់ភ្លើងអគ្គិសនីរបស់ថៃចំនួន ៦កន្លែងទៀត សូមបង្ហាញមកថា នៅកន្លែងណាខ្លះ
(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដែលបាននិយាយថា កម្ពុជា បន្តប្រើប្រាស់ភ្លើងអគ្គិសនីរបស់ថៃចំនួន ៦កន្លែងទៀតនោះ សូមបង្ហាញមកថា នៅកន្លែងណាខ្លះ? សម្តេច បានហៅការលើកឡើងរបស់រដ្ឋមន្រ្តីការពារថៃរូបនេះ ជាការព្រហើន ដែលបានបន្ទច់បង្អាប់ខ្មែរយ៉ាងដូច្នេះ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។
ទាក់ទងនឹងបញ្ហាកាត់ភ្លើង និងអ៉ិនធើណេតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «អ្នកនិយាយថាកម្ពុជាបានទទួលព័ត៌មានខុស ប៉ុន្តែនៅពេលដែលយើងពន្យល់ អ្នកសុំទោសខ្ញុំ អ្នកមិនសក្តិសមធ្វើនាយករដ្ឋមន្ត្រីទេ សូម្បីតែក្រសួងការបរទេសរបស់អ្នកប្រមាថប្រទេសរបស់ខ្ញុំ ក៏អ្នកមិនទាំងដឹងផង ហើយបែរជាមកសុំទោសខ្ញុំតាមទូរសព្ទ ចឹងកម្ពុជាអត់មានជំរើសទុកឱ្យលោកជំទាវកាត់ បើគង់តែគេត្រៀមសេនារីយ៉ូកាត់ដដែល កម្ពុជាកាត់មុនបាត់ទៅហើយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាចង់រក្សានូវកិច្ចសន្យារកស៊ីជាមួយគ្នា នៅពេលដែលគេគំរាមនោះ កម្ពុជាមានភ្លើង មានអ៉ិនធើណេតគ្រាប់គ្រាន់អស់ទៅហើយ ប៉ុន្តែកម្ពុជានៅគោរពកុងត្រានៃការរកស៊ី តែទោះជាយ៉ាងណានៅពេលដែលទទួលការព្រមាន កម្ពុជាមានតែបង្ខំចិត្តកាត់ផ្តាច់ចោលតែម្តង នឹងយកការផ្គត់ផ្គងដោយអ៉ិនធើណេតពីប្រភពផ្សេង។ នៅខេត្តកោះកុង កម្ពុជា មានអគ្គិសនីនៅទីនោះ ៥០មេកាវ៉ាត់ ប៉ុន្តែដោយសារមានក្រុមហ៊ុនមានទំនាក់ទំនងរកស៊ីជាមួយគ្នាក៏កម្ពុជា បានបន្តយកភ្លើងពីខេត្តត្រាត ហើយនៅពេលកម្ពុជា ទទួលបានការគំរាមពីថៃក្នុងការកាត់ភ្លើង នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជារឱ្យធ្វើការកាត់ភ្លើងមុនតែម្តង។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរដូចនេះទៀតថា «ឥលូវខ្ញុំចង់ចោទសួរទៅឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលម្សិលមិញលោកឯងថ្លែងថា កម្ពុជានៅទិញភ្លើងលោកឯង ៦ចំណុច លោកឯងឆ្លើយប្រាប់ប្រជាជនថៃ និងប្រជាជនកម្ពុជា តើមាននៅកន្លែងណាខ្លះទៀត?»។
ជាមួយនឹងការញ្ជាក់នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា យប់មិញនេះសម្តេចបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យមើលពេញមួយយប់ហើយរឿងនេះ នឹងបានបញ្ជាក់មកវិញថា មិនមាននៅសល់កន្លែងណាទៀតនោះទេ។ តើលោករដ្ឋមន្ត្រីការពារជាតិថៃ មានសេចក្តីថ្លៃថ្នូរក្នុងការនិយាយដែរទេ? ឫលោកក្តាប់បញ្ហាមិនបាន នឹងខិតខំនិយាយបន្ទោសបង្អាប់កម្ពុជា?។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ម៉ោងនេះពេលនេះ កម្ពុជាអត់មានប្រើប្រាស់អគ្គិសនី ឫអ៉ិនធើណេតរបស់ប្រទេសថៃនោះទេ ហើយបើលោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលថាកម្ពុជានៅទិញភ្លើង ៦ចំណុចទៀតនោះ សូមលោកចេញមកបញ្ជាក់នៅថ្ងៃនេះ ថាកម្ពុជានៅមានទិញភ្លើងចំណុចណាខ្លះទៀត ហើយបើលោកមិនអាចបញ្ជាក់បានទេ លោកមិនមែនជាមនុស្សទេ៕


ដោយ ៖ វណ្ណលុក