សម្តេចតេជោ ហ៊ុន សែន ៖ ពាក្យគ្មានវិជ្ជាជីវៈ មិនមែនជាពាក្យត្រូវប្រើជាមួយមេដឹកនាំប្រទេសនោះទេ

(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសំដីរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ ដែលថា ការបញ្ចេញសារផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសង្គម អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គ្មានវិជ្ជាជីវៈ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរ និងមិនអាចទទួលយកបានឡើយ ។

សម្តេចបានថ្លែងដោយសង្កត់ធ្ងន់ថា ពាក្យគ្មានវិជ្ជាជីវៈនេះ មិនមែនជាពាក្យត្រូវប្រើជាមួយថ្នាក់ដឹកនាំប្រទេស ឬអ្នកនយោបាយនោះទេ ហើយថាមាត់អត់គំរបរបស់នាយករដ្ឋមន្ត្រីថៃនេះហើយ ដែលនាំឱ្យមានការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងសម្តេច និងនាយករដ្ឋមន្ត្រីថៃ និងការបកអាក្រាតនានាអំពីក្រុមគ្រួសារ លោក ថាក់ស៉ីន នៅពេលនេះ។

ការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

សម្តេចតេជោបានថ្លែងថា អ៊ុងអ៉ីង (នាយករដ្ឋមន្ត្រី) ប្រមាថ ហ៊ុន សែន ប្រមាថ ហ៊ុន ម៉ាណែត សុទ្ធតែអ្នកអត់មានវិជ្ជាជីវៈ លោកជំទាវ មើលខុសហើយ។ នេះជាការប្រមាថដែលមិនធ្លាប់មាន ជាលើកទី១ ហើយដែលខ្ញុំទទួលការប្រមាថបែបនេះ ប្រើពាក្យអត់មានវិជ្ជាជីវៈ ការប្រមាថធ្ងន់ធ្ងរនេះហើយដែលនាំទៅដល់ ហ៊ុន សែន ត្រូវឆ្លើយតបបកអាក្រាតឱ្យខ្ទេច ត្រូវក្រោយលោកជំទាវត្រូវចាំ ភាសាអត់វិជ្ជាជីវៈ មិនមែនជាភាសា ដែលត្រូវប្រើប្រាស់ក្នុងចំណោមអ្នកនយោបាយទេ ។

សម្តេចតេជោ បានប្រាប់ឱ្យនាយករដ្ឋមន្ត្រីថៃ មើលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺគាត់ប្រើប្រាស់បណ្តាញសង្គម ក្នុងការបញ្ចេញព័ត៌មានផ្សេង រួមទាំងបញ្ជាច្បាំងផងដែរ ។

សម្តេចបានចោទសួរថា ក្រែងសម័យនេះជាសម័យឌីជីថល ការចែករំលែកព័ត៌មានដល់សាធារណជន តាមបណ្តាញសង្គម ហេតុអ្វីបានជានិយាយថា អត់មានវិជ្ជាជីវៈ? ហើយរឿងអត់វិជ្ជាជីវៈនេះហើយ ទើបបណ្តាលឱ្យមានសារបែកធ្លាយសំឡេងឆ្លងឆ្លើយរបស់សម្តេច និងនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ នេះហើយមាត់អត់គំរប កូនអត់មានឪម៉ែប្រដៅ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner