សម្តេចប្រធានរដ្ឋសភា ឃួន សុដារី ជំរុញការវិនិយោគ និង អ្នកទេសចរចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង
(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និង ចិន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការតម្កល់ការអភិវឌ្ឍ និងផ្តោតលើប្រជាជនជាអាទិភាព ព្រមទាំងការជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ។
សម្តេចមហារដ្ឋសភាធការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាតំណាងប្រជាជនចិនខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម លីវ យេសេង ( Lyu Yesheng) សមាជិកគណៈកម្មាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ក្រៅពីការជំរុញការវិនិយោគនិងការទាក់ទាញអ្នកទេសចរពីខេត្តក្វាងទុងមកកម្ពុជាឱ្យកាន់តែច្រើនឡើង សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋិនិយមថា សភាតំណាងប្រជាជនចិនខេត្តក្វាងទុង និង គាំទ្រកម្ពុជាបន្ថែមទៀតលើវិស័យអប់រំ បណ្តុះបណ្តាលធនធាមនុស្ស និងវិស័យសុខាភិបាល ដោយហេតុថា វិស័យទំាងពីរនេះ សុទ្ធសឹងជាវិស័យអាទិភាព ជួយដល់ប្រជាពលរដ្ឋ ពីព្រោះថាទាំងការអប់រំ និងសុខភាពជាកត្តាចំបងក្នុងការជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ ឯកឧត្តម លីវ យេសេង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា គឺជាផ្នែកសំខាន់មួយ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដែកថែបនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ។
ឯកឧត្តម លីវ យេសេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៅក្នុងឱកាសនេះ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាអំពីគោលបំណងក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាតំណាងប្រជាជនចិនខេត្តក្វាងទុង និង រដ្ឋសភាកម្ពុជា ក៏ដូចជាដើម្បីជំរុញការវិនិយោគរវាងកម្ពុជានិងខេត្តក្វាងទុងឱ្យកាន់តែរីកចម្រើនឡើង។
ឯកឧត្តម បានយល់ស្របចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលបានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពដ៏ល្អនិងរឹងមាំរវាងកម្ពុជានិងចិន ដែលមានតំាងពីយូរលង់មកហើយ។ ចំណងមិត្តភាពនេះបានពូនជ្រំឥតឈប់ឈរដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់។
ឯកឧត្តមប្រធានគណៈប្រតិភូបានលើកឡើងថា ខេត្តក្វាងទុង ជាខេត្តមួយដែលមានការរីកចម្រើននាំមុខគេរបស់ប្រទេសចិន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគោរពញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង នាពេលខាងមុខ តាមពេលវេលាសមស្របណាមួយ ៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ