មីស៊ីលអ៊ីរ៉ង់បំផ្លាញលុយអ៊ីស្រាអែល ៣ពាន់លានដុល្លារ
បរទេស ៖ មីស៊ីលរបស់អ៊ីរ៉ង់ បាមបំផ្លាញលុយរបស់អ៊ីស្រាអែល ៣ពាន់លានដុល្លារ ក្នុងជម្លោះជាង១០ថ្ងៃ នេះបើតាម
ទីភ្នាក់ងារព័ត៌មាន Bloomberg ដកស្រង់ ប្រភពពីក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធរពន្ធដារ របស់អ៊ីស្រាអែល ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Tass កាលពីថ្ងៃទី២៦ ខែមិថុនា។
តម្លៃនៃការខូចខាត រួមបញ្ចូលទាំង ថវិកាដែលត្រូវការ ដើម្បីជួសជុលអគារ រងការវាយប្រហារ ដោយមីស៊ីល និងទូទាត់សំណង ដល់អាជីវកម្ម នៅក្នុងស្រុក។
លោក Shay Aharonovich អគ្គនាយកអាជ្ញាធរពន្ធដារ របស់អ៊ីស្រាអែល ដែលទទួលបន្ទុកទូទាត់សំណង បានប្រាប់អ្នកយកព័ត៌មានថា នេះគឺជាបញ្ហាប្រឈមដ៏ធំបំផុត ដែលអ៊ីស្រាអែល មិនធ្លាប់បានជួបប្រទះ នៅក្នុងប្រវត្តិសាស្ត្រ។
Bloomberg បានកត់សម្គាល់ថា ទំហំ៣ពាន់លានដុល្លារ
នេះ មិនរាប់បញ្ចូលការចំណាយរបស់អ៊ីស្រាអែល ក្នុងការជំនួសសព្វាវុធ និងប្រព័ន្ធការពារ ដែលប្រើក្នុងយុទ្ធនាការនេះ ដែលទំនងជានឹងជំរុញឱ្យតួលេខសរុប កាន់តែខ្ពស់ នៅពេលដែលការវាយតម្លៃ បានបញ្ចប់ រួចរាល់។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ អ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយថា ការចំណាយសរុបនៃសង្គ្រាមអាចខ្ពស់ដល់ទៅ ១២ពាន់លានដុល្លារ តែ ទេសាភិបាលធនាគារអ៊ីស្រាអែល លោក Amir Yaron បានដាក់តួលេខ ប្រហែល ៦ពាន់លានដុល្លារ អំឡុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Bloomberg ។
គួររម្លឹកថា នៅព្រឹកព្រលឹម ថ្ងៃទី១៣ មិថុនា អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ តិចជាង ២៤ ម៉ោង ក្រោយមក អ៊ីរ៉ង់បានសងសឹក។ ៩ថ្ងៃក្រោយមក គឺនៅព្រឹកថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី តែ នៅល្ងាចបន្ទាប់ ទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារ ដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសដ៏ធំបំផុត របស់សហរដ្ឋអាមេរិក នៅប្រទេសកាតា។
កាលពីថ្ងៃទី២៤ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់ទាំងស្រុង។ អាជ្ញាធរអ៊ីស្រាអែលបានបញ្ជាក់ថា ពួកគេបានទទួលយកសំណើរបស់អាមេរិកហើយបានប្រកាសថា ពួកគេបានបញ្ចប់នូវគោលបំណងទាំងអស់ ក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់។ ផ្ទុយទៅវិញ ទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួនបានទទួលជ័យជម្នះ លើទីក្រុង Tel Aviv ដោយបង្ខំឱ្យបញ្ឈប់ការឈ្លានពានជាឯកតោភាគីរបស់អ៊ីស្រាអែ៕
ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត